(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការ ជាមួយកម្លាំងជំនាញ,អាជ្ញាធរដែនដី និងវត្តមានចូលរួម ពីសំណាក់ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែងបទល្មើសកម្មសិទ្ធិបញ្ញា នូវហាងលក់សម្លៀកបំពាក់ ចំនួន៣ទីតាំង នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ដែលជាប់ពាក់ព័ន្ធលើកម្មសិទ្ធិបញ្ញា (រំលោភសិទ្ធិផ្តាច់មុខ)។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាននគរ បាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ បានថ្លែងឲ្យ Fresh News ដឹងថា ដោយយោងតាមពាក្យបណ្តឹង របស់លោកស្រី ឡៅ គឹមលាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាហ្រ្វង់មើឆិន ដាយហ្សីង អ៊ីមផត អ៊ិចផត និងទទួលបាននូវ ដីកាឆែកឆេរលេខ ០៨០ អ.យ.ថ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ របស់លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបកម្លាំងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងជំនាញ និងអាជ្ញាធរដែនដី បានចុះបង្ក្រាបជាក់ស្តែងបទល្មើសកម្មសិទ្ធិបញ្ញា (រំលោភសិទ្ធិផ្តាច់មុខ) នៅទីតាំងចំនួន ០៣កន្លែង ដែលជាប់ពាក់ព័ន្ធលើកម្មសិទ្ធិបញ្ញា។
លោកបន្តថា ទីតាំងទី១ គឺស្ថិតនៅតូបលេខ ៣១D (យីហោចិនខ្មៅ) ផ្សារអូឡាំពិកដែលមានម្ចាស់ឈ្មោះភុំ សុខុម ភេទប្រុស អាយុ ៥២ឆ្នាំ ដកហូតបាន អាវប្រុស-ស្រី ម៉ាក MONOTAGUT (ចម្រុះព៌ណ) ៣៦២អាវ។ ទីតាំងទី២ គឺតូបលេខ ២G 07-08 ផ្សារសូរិយា ម្ចាស់ឈ្មោះ ជួន ច័ន្ទរូហ្សា ភេទស្រី អាយុ ៣៣ឆ្នាំ ដកហូតបាន អាវប្រុស-ស្រី ម៉ាក MONOTAGUT (ចម្រុះព៌ណ) ១៨៣អាវ និងទីតាំងទី៣ គឺហាងភ្នំយ៉ាត ផ្ទះលេខ ១៩៦AEo ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ម្ចាស់ឈ្មោះ យ៉ែម សោភ័ណ្ឌ ភេទស្រី អាយុ ៤៧ឆ្នាំ ដកហូតបាន អាវប្រុស-ស្រី ម៉ាក MONOTAGUT (ចម្រុះព៌ណ) ៤៩០ អាវ។ សរុបទាំង០៣ទីតាំងបានចំនួន ១០៣៥អាវ។
អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់បន្ថែមថា ក្រោយពីកិច្ចប្រតិបត្តិការបង្ក្រាប ដោយមានការឯកភាពពី លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអុនញ្ញាតឲ្យសមត្ថកិច្ចយើង យកវត្ថុតាងទាំងអស់ មករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច រីឯម្ចាស់ទីតាំងទាំង០៣កន្លែង បង្គាប់ឲ្យចូលខ្លួនមកបំភ្លឺ តាមនីតិវិធី៕