(ភ្នំពេញ)៖ វគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះនឹងបញ្ចប់ទៅវិញល្ងាចថ្ងៃ សុក្រ ទី២១ ខែតុលានេះហើយ គ្រាដែលក្រុមបាល់ទាត់កម្ពុជា ត្រូវជួបទីម័រឡេស្តេ និងឡាវ ប៉ះប្រ៊ុយណេនាម៉ោង ៦៖៣០នាទីដូចគ្នា។
មិនលំបាកនោះទេសម្រាប់ក្រុមគោព្រៃកម្ពុជា ដែលត្រូវជួបក្រុមបាតតារាងទំម័រឡេស្តេក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកទស្សនាច្រើនកុះករ ក្រោមតម្លៃសំបុត្រ ១ម៉ឹនរៀល ក្រោមដំបូល និង ៥ពាន់រៀល នៅក្រៅដំបូល ជាមួយនឹងក្តីសង្ឃឹមខ្ពស់ឡើងទៅវគ្គចែកពូលនៅប្រទេសម្ចាស់ផ្ទះមីយ៉ាន់ម៉ា បន្ទាប់ពីកម្ពុជារកបាន៦ពិន្ទុពេញ ពីការឈ្នះ២ប្រកួតជាប់ៗគ្នាទៅលើក្រុមឡាវ ២-១ មុនបំបាក់ប្រ៊ុយណេ ៣-០ ទៀត។
ប្រវត្តិជួបគ្នា៥ដង គិតចាប់តាំងពីឆ្នាំ២០០៨មក កម្ពុជា បានយកឈ្នះទីម័រឡេស្តេ (Timor Leste) ៣ដងដោយលទ្ធផល ៣-២ ៤-២ និងមិត្តភាពចុងក្រោយនាពេលថ្មីៗនេះឈ្នះ ២-០ ក្រៅពីស្មើ១ដង ដោយលទ្ធផល ២-២ និងចាញ់១ប្រកួត ដោយលទ្ធផល ៥-១។
សូមបញ្ជាក់ផងដែរថា លេង២ប្រកួតមកនេះ កម្ពុជារបូតតែ១គ្រាប់គត់ ក្រៅពីស៊ុតបញ្ចូលទីគេបាន ៥គ្រាប់ ខណៈទីម័រ ស៊ុតបញ្ចូលទីគេបាន២គ្រាប់ និងរបូតវិញ៤គ្រាប់។ កម្ពុជាប្រាថ្នាត្រឹមស្មើប៉ុណ្ណោះ ដើម្បីផ្តាច់ក្តីសង្ឃឹមរបស់ឡាវ និងប្រ៊ុយណេ ដែលប្រកួតគ្នានៅពហុកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនដែលមាន៣ពិន្ទុក្នុងដៃដូចគ្នានោះ។ តែយ៉ាងក៏ដោយ កម្ពុជាត្រូវតែឈ្នះ ដើម្បីទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ចំពោះជ័យជំនះទៅលើប្រ៊ុយណេ និងទីម័រឡេស្តេ៕