(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ៤កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ នៅថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យចំនួន៤ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖
*ករណីអគ្គិភ័យទី១៖ នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតចំណុចភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ បានបណ្តាលឲ្យឆាបឆេះផ្ទះស័ង្កសីចំនួន១ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង ហើយបានឆេះរាលដាល់ដល់អ្នកក្បែរខាងចំនួន១ខ្នងខូចខាតជញ្ជាំងអស់មួយជំហៀង។
ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង១០៖៣៦នាទីព្រឹកនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មេីរនឹង៦ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មេីរនឹង៦ម៉ែត្រគូប។
*ករណីអគ្គិភ័យទី២៖ នៅវេលាម៉ោង ១០៖៥០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតចំណុចផ្ទះលេខ៣០០ ផ្លូវ១៦៥z ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក របានបណ្តាលឲ្យឆាបឆេះបន្ទប់ជួល ទំហំ៤ម៉ែត្រ x៤ម៉ែត្រ ចំនួន១បន្ទប់ រួមទាំងសម្ភារៈប្រេីប្រាស់ក្នុងបន្ទប់អស់ទាំងស្រុង ហើយពុំបានឆេះរាលដាល់ដល់អ្នកក្បែរខាងឡេីយ។
ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើរនឹង២៤ម៉ែត្រគូប។
*ករណីអគ្គិភ័យទី៣៖ នៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតចំណុចផ្ទះលេខ១៦៧ ផ្លូវ១៩ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បានបណ្តាលឲ្យឆាបឆេះបន្ទប់ទំហំ៤ម៉ែត្រ x៤ម៉ែត្រ ចំនួន១បន្ទប់ រួមទាំងសម្ភារៈប្រេីប្រាស់ក្នុងបន្ទប់អស់ទាំងស្រុង ហើយពុំបានឆេះរាលដាល់ដល់អ្នកក្បែរខាងឡេីយ។
ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៤៖១០នាទីល្ងាចនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មេីរនឹង៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មេីរនឹង៦ម៉ែត្រគូប។
*ករណីអគ្គិភ័យទី៤៖ នៅវេលាម៉ោង ៦៖០០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតចំណុចផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានបណ្តាលឲ្យឆាបឆេះបន្ទប់ ទំហំ៤ម៉ែត្រ x៤ម៉ែត្រ ចំនួន១បន្ទប់ រួមទាំងសម្ភារៈពូក, ខ្នេីយ, កង្ហារ និងសម្ភារៈមួយចំនួន ហើយពុំបានឆេះរាលដាល់ដល់អ្នកក្បែរខាងឡេីយ។
ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៦៖៣០នាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន២គ្រឿង ពុំបានប្រេីប្រាស់ទឹក ដោយសារតែបងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវដោយរកឃើញថា ករណីទី១ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ, ករណីទី២ បណ្តាលមកពីការអុជធូបទៀនទុកចោលបង្កជាអគ្គិភ័យ, ករណីទី៣ និងទី៤ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី បង្កជាអគ្គិភ័យដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ ដូច្នេះសូម។ប្រជាពលរដ្ឋ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កម្សាន្ដ និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីលំនៅដ្ឋាន។
ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ៦៦៦ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ៕