(ភ្នំពេញ)៖ សកម្មភាពគ្រឿងចក្រ ដែលកំពុងឈូសឆាយនេះ គឺជាការអនុវត្តគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធខ្នាតធំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការជួយឧបត្តម្ភពីរាជរដ្ឋាភិបាល ដើម្បីរំដោះការជន់លិចនៅតំបន់បឹងត្របែក ពិសេសតាមប្រឡាយ១០៥ ចាប់ពីក្រោយវិទ្យាល័យយុគន្ធរ ដល់បឹង ត្របែក ដែលធ្វើបានរយៈពេល៤ខែ សម្រេចបាលលទ្ធផល ៦០%ហើយ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

លោកស្រីបន្តថា ប្រឡាយបឹងត្របែក បច្ចុប្បន្នមានទទឹងមធ្យម ៦ម៉ែត្រ ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំង លើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រ ខណ្ឌបឹងកេងកង ចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ។

លោកស្រីអ្ននាំពាក្យបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រ ទៅទទឹង១២ម៉ែត្រ ដើម្បីឲ្យបង្កើនការបង្ហូរទឹកប្រឡាយនេះ ពី១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ១០៥ ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម៉ែត្រជម្រៅ ៣ម៉ែត្រឯខាងលើត្រូវស្ថាបនាផ្លូវដដែល។

លោកស្រីបន្តទៀតថា ការងារនេះ ការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង៦០% ហើយនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ខាងមុខ ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក៏បានរំលឹកផង ណែនាំផងដល់អ្នកចូលចិត្តឃើញរូបភាពមិនដឹងខ្លឹមសារច្បាស់លាស់ហើយផុស ដោយមិនបានសួរនាំ ឬឆែករកប្រភពច្បាស់លាស់ បានបង្កឱ្យមានការភ័ន្តច្រឡំដល់មហាជន។ បើគ្រាន់តែចង់បានល្បី ផេក វាអាចធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នកំពុងអនុវត្តគម្រោង និងអ្នកទទួលផល គឺប្រជាពលរដ្ឋនៅតំបន់នោះ៕