(ក្រចេះ)៖ ប្រជាពលរដ្ឋនៅខេត្តក្រចេះ បានសម្តែងនូវភាពសប្បាយ រីករាយ ចំពោះការស្ថាបនាផ្លូវជាតិ៣៧៧ (គិតចាប់ពីរង្វង់មូលព្រាបស ដល់កាំពី) ដែលអាចជួយសម្រួលក្នុងកាធ្វើដំណើរ បានបង្កលក្ខណៈងាយស្រួលកាត់បន្ថយពេលវេលា ហើយទាក់ទាញភ្ញៀវទេសចរក៏មានភាពរីករាយនៅក្នុងការធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានផងដែរ។
ប្រជាពលរដ្ឋអ្នកលក់ខ្យងអាំងនៅតាមដងផ្លូវ នៅម្តុំស្ពានខ្សោ ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានលើកឡើងថា កាលពីមុនផ្លូវនេះមានសភាពតូចចង្អៀត ហើយសម្រាប់ពួក គាត់ជាអ្នកលក់ដូរ នៅតាមអមដងផ្លូវនេះលំបាកណាស់សម្រាប់កាលក់ដូរ ដីហុយផង ត្រូវចំណាយលុយច្រើនសម្រាប់ថ្លៃភ្លើង ហើយទិញម៉ូទ័របាញ់ទឹកមួយថ្ងៃបីបួនដង ហើយនៅពេលមានបុណ្យទានម្ដងៗគឺផ្លូវនេះកកស្ទះចរាចរណ៍ជារៀងរាល់ពេល។ តែបច្ចុប្បន្ននេះ នៅពេលដែលផ្លូវមួយនេះត្រូវបានសាងសង់រួច រាល់បានបង្កលក្ខណៈងាយ ស្រួលនៅក្នុងការធ្វើដំណើរ និងមិនមានការកក់ស្ទះ ហើយក៏មិនហុយនោះដែរ បានផ្លូវស្រួលគឺកាត់បន្ថយការចំណាយប្រមាណជា ៩០% សម្រាប់អាជីវករដែលលក់ខ្យងអាំងនៅតាមអមដងផ្លូវមួយខ្សែនេះ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា សម្រាប់ការធ្វើដំណើរពីមុនរបស់ពួកគាត់ឆ្ពោះទៅក្រុងក្រចេះត្រូវចំណាយពេលជិត១ម៉ោងឯណោះ ដោយសារស្ថានភាពផ្លូវដីហុយ ហើយផ្លូវតូចចង្អៀតកក់ស្ទះ តែមកដល់ពេលនេះក្រោយពីការសាងសង់ផ្លូវរួចរាល់ កាធ្វើដំណើរទៅខេត្តចំណាយពេលត្រឹមតែ២០នាទី ទៅ៣០នាទីប៉ុណ្ណោះ។
ពលរដ្ឋនៅមូលដ្ឋានខាងលើក៏បានបញ្ចេញនៅទឹកចិត្តសប្បាយរីករាយហើយថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ ដែលបានធ្វើផ្លូវ និងស្ពានឱ្យប្រជាពលរដ្ឋបានធ្វើដំណើរបង្កលក្ខណៈងាយស្រួលទាំងការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ ជួយបង្កើននូវសេដ្ឋកិច្ចប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារបន្ថែមទៀត។
ដោយឡែកអាជីវករលក់ដូរនៅរមណីយដ្ឋានកាំពី បានឱ្យដឹងថា ចំពោះការសាងសង់ផ្លូវ និងស្ពាននេះបានធំទូលាយដែលជាការរួមចំណែកមួយធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការចាប់ អារម្មណ៍នឹងធ្វើដំណើរកម្សាន្តនៅរមណីយដ្ឋានទឹកជួរកាំពីបានច្រើន។
ក្រុមអាជីវករក៏បានសំដែងបានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងជួយកសាងផ្លូវកៅស៊ូ និងស្ពាន ដែលជាសមិទ្ធផលដ៏ប្រសើរនេះជូនប្រជាជន និងវិស័យទេសចរណ៍ក្នុងខេត្តក្រចេះ ជាការចូលរួមចំណែកលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរថែមទៀត។ ពួកគាត់បានអំពាវនាវដល់បងប្អូន និងសាធារណៈជនទាំងអស់ ដែលប្រើប្រាស់ផ្លូវសូមចូលរួមថែរក្សាផ្លូវ កុំដឹកលើសទម្ងន់ បើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បតិ្តសាធារណៈ៕