(កណ្តាល)៖ ពិតជាគួរឲ្យសង្វេគណាស់ ខណៈកូនប្រុស-ស្រីយំសោកបោកខ្លួនឱបសពម្តាយ ដោយស្រែកថា «ប៉ាបានទៅចោលពួកយើងហើយ ហេតុអ្វីម៉ាកចាកចោលពួកខ្ញុំទៀត តើឲ្យកូនៗរំពឹងអ្វី» ធ្វើឲ្យញាតិមិត្តជិតខាងរំជួលចិត្តទប់ទឹកភ្នែកមិនបាន។

ហេតុការណ៍ដ៏សោកសង្រេងនេះ បានកើតឡើងក្រោយគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ហ៊ុយ ចាន់ធឿន អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង រងរបួសធ្ងន់ផុងលលាដ៍ក្បាល និងបានស្លាប់នៅពេលដែលកំពុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានធ្វើដំណើរតាមម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1X-7916 តាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ហើយពេលកំពុងជិះមកដល់ខាងជើងសាលាអន្តរជាតិហូមស្គូល។

ស្រាប់តែមានម៉ូតូម៉ាក HONDA SCOOPY ពណ៌ប្រផេះ ពាក់ផ្លាកលេខកណ្តាល1AR-4742 មួយគ្រឿងបើកបរដោយយុវជនម្នាក់ឈ្មោះ ម៉ៅ ស្រូយ អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ បើកបរក្នុងល្បឿនលឿន ស្របគ្នាទិសគ្នា មកពីក្រោយបុកបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាងៗខ្លួន ប៉ុន្តែដោយសារស្ថានភាពរបួសផុងលលាដ៍ក្បាលធ្ងន់ធ្ងរ ស្រីរងគ្រោះបានដាច់ដង្ហើមស្លាប់នៅពាក់កណ្តាលផ្លូវ។

កាលពីជាង៥ឆ្នាំមុន ស្វាមីរបស់ស្ត្រីរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចណ៍ស្លាប់នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិសាស្ត្រសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បន្សល់កូនចំនួន៤នាក់ក្នុងបន្ទុកឲ្យស្ត្រីរងគ្រោះចិញ្ចឹមមើលថែតែឯង ហើយជាអកុសលក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៀត ទុកឲ្យកូនប្រុសស្រី ទាំង៤នាក់រស់កំព្រារងាដូចមាន់អត់មេបា៕