(រតនគិរី)៖ លោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរមូលដ្ឋានចុះបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់។
គួររម្លឹកថាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តបានដឹកនាំមន្ត្រីជំនាញ, កម្លាំងអាវុធខេត្ត, កម្លាំងនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានបានចុះរុះរើរបង ដែលបិទមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរ ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចផ្ទាល់ ពោលគឺម្ចាស់ចំការឈ្មោះ ឡុង ម៉េងគ្រុយ មិនព្រមតាមសំណើ របស់រដ្ឋបាលខេត្តរតនគិរី។
លោក សេង ចេង តំណាងប្រជាពលរដ្ឋប្រមាណ ១៥គ្រួសារ ដែលអាស្រ័យផ្លូវខាងលើ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃដដែលនេះថា ពួកគាត់រស់នៅតំបន់នេះជាច្រើនឆ្នាំមកហើយ តាំងពីព្រៃឈើច្រើនមិនទាន់កាប់ដាំកៅស៊ូមកម្ល៉េះ។
លោកថា ករណីផ្លូវនេះទោះបីអាជ្ញាធរខេត្តដឹកនាំកម្លាំងចុះបើកផ្លូវ ឱ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញក្តី, តែភាគីខាងម្ចាស់ចំការឈ្មោះ ឡុង ម៉េងគ្រុយ បានប្តឹងជំទាស់ទៅសាលាដំបូងខេត្តរតនគិរី (ចាញ់ក្តី) រហូតដល់សាលាឧទ្ធរណ៍ត្បូងឃ្មុំ (មិនទាន់ដឹងលទ្ធផល) គឺក្រុមពួកគាត់ឡើងទៅបំភ្លឺរហូត។ លុះដល់ថ្ងៃនេះ (ថ្ងៃទី២៩ ខែមករា) ថ្ងៃចូលឆ្នាំចិនស្រាប់តែមានកូនចៅលោក ឡុង ម៉េងគ្រុយ ជាច្រើននាក់ និងអាជ្ញាធរមូលដ្ឋានដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ចុះទៅបិទផ្លូវ ដោយមិនបានអានដីកា សម្រេចរក្សាការពារឱ្យបងប្អូនប្រជាពលរដ្ឋបានស្តាប់ និងបិទផ្សាយជាសាធារណៈឱ្យដឹងនោះទេ។
តំណាងពលរដ្ឋខាងលើបានសំណូមពរ ទៅថ្នាក់ដឹកនាំខេត្តរតនគិរី មេត្តាជួយអន្តរាគមន៍បើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ ដោយពួកគាត់ជួបបញ្ហាដូចជាកូនចៅឈឺស្កាត់ ពេលយប់ត្រូវទៅពេទ្យ, ដឹកជ័រកៅស៊ូទៅលក់ទីផ្សារជាដើម។ ចំណែកឯលោក ឡុង ម៉េងគ្រុយ ប្រាប់ឱ្យដឹងថា គាត់តវ៉ាឱ្យសមត្ថកិច្ចបិទផ្លូវ ធ្វើដំណើរឆ្លងកាត់ចំការកៅស៊ូគាត់ ព្រោះកន្លងទៅមានចោរចូលលួចជ័រកៅស៊ូ ហើយគាត់ចំណាយលុយធ្វើផ្លូវវាង ឱ្យប្រជាពលរដ្ឋធ្វើដំណើរជំនួសវិញ។
លោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានថ្លែងប្រាប់យ៉ាងខ្លីថា តំណាងអយ្យការនៅព្រឹកថ្ងៃនេះ បានដឹកនាំអាជ្ញាធរមូលដ្ឋានចុះបិទផ្លូវខាងលើ គឺអនុវត្ត «ដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តរតនគិរី»៕