(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំឱ្យក្រុមហ៊ុនប្រមូលដឹក និងដាក់ជញ្ជូនសំរាមត្រូវយកចិត្តទុកដាក់លើការប្រមូលឱ្យបានស្អាត ជាពិសេសសម្រាមដែលដឹកយកទៅចោល ត្រូវចាក់ចូលទៅក្នុងរណ្តៅឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ការណែនាំបែបនេះរបស់លោកអភិបាលខេត្តស្វាយរៀង បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
*១៖ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករពិសេសបញ្ហាប្រភពទឹកក្នុងការស្រោចស្រពស្រូវ
*២៖ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងរុះរើរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន
*៣៖ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាន ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតឱ្យបានស្អាត ពិសេសបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទៅលើការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ
*៤៖ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ
*៥៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់
*៦៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអនុញ្ញាតឱ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធផងដែរ៕