(កំពត)៖ តាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង មុត ដារ៉ា កម្លាំងនគរបាល ការិយាល័យកណ្តាល ព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យកណ្តាល ប្រឆាំងបទល្មើសខេត្តឈានទៅបង្រ្កាប បានក្រុមមុខសញ្ញាចែកចាយ គ្រឿងញៀន ជាបន្តបន្ទាប់ នៅកន្លែងផ្សេងគ្នាចំនួន ៣នាក់ ក្នុងភូមិសាស្រ្ត សង្កាត់អណ្តូងខ្មែរ និងសង្កាត់កំពង់បាយ នៃក្រុងកំពត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
មន្រ្តីនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលបង្រ្កាបបាន រួមមាន៖ទី១-ឈ្មោះ អ៊ុយ ពុធ ភេទប្រុស អាយុ២៣ឆ្នាំ ឃាត់ខ្លួនវេលាម៉ោង ០២៖១៥នាទី រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពតដកហូតថ្នាំញៀនបាន០១កញ្ចប់តូច ទី២-ឈ្មោះភន ដាវ៉េត ភេទប្រុស អាយុ៣០ឆ្នាំឃាត់ខ្លួន នៅចំណុចកណ្តាលស្ពានថ្មី (ព្រែកកំពង់បាយ) ស្ថិតក្នុងភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត កាលពីវេលាម៉ោង ០៣៖១១នាទី រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ វត្ថុតាងរឹបអូសបាន រួមមាន ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់តូច និង ទី៣-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ឃាត់ខ្លួនវេលាម៉ោង០៤៖១៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ០១កញ្ចប់តូច។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើនេះ រួមនឹងវត្ថុតាង សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕