(ក្រចេះ)៖ សាលាអនុគណស្រុកសំបូរ ខេត្តក្រចេះ ប្រកាសថ្កោលទោសដាច់អហង្ការចំពោះមេក្រុមសមាគមទេវ សក្ខី ភគវត្ត ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិ របស់ពុទ្ធសាសនិកខ្មែរ។
សាលាអនុគណស្រុកសំបូរ ចាត់ទុកសម្តីនេះ ជាទង្វើធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ បុគ្គលនេះ មានគំនិតទុច្ចរិត បាននិយាយបកស្រាយបំភាន់ ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃថា ជាបុគ្គល កំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃ បិដកមិនគ្រប់ទឹកជាដើម។
មនោគមវិជ្ជាដែលមេដឹកនាំ សមាគមទេវ សក្ខី ភគវត្ត កំពុងតែផ្សព្វផ្សាយសាបព្រោះនាពេលបច្ចុប្បន្នតាមរយៈ បណ្តាញសង្គមហ្វេកប៊ុកផេក (Facebook Page) ឈ្មោះ សមាគមទេ សក្ខី ភគវត្ត គឺពិតជាបានធ្វើឱ្យមានភាពច្របូក ច្របល់ដល់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ ដែលធ្លាប់មានសុខដុមនីយកម្មរួមគ្នាជាយូរណាស់មកហើយ ក្រោមម្លប់ សន្តិភាពដ៏សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងលើកស្ទួយ គោរពប្រតិបត្តិ និងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត។
ដើម្បីការពារតម្លៃព្រះសង្ឃ និងព្រះពុទ្ធសាសនាខ្មែរដ៏ល្អផូរផង់របស់ជាតិ សាលាអនុគណស្រុកសំបូរ ខេត្តក្រចេះ ស្នើសុំក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលរូបនេះ និងសមាគមទេវ សក្ខី ភគវត្ត ឱ្យបានម៉ឺងមាត់បំផុត៕