(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងសប្បុរសជនទាំងអស់ បានផ្តល់អំណោយដល់រដ្ឋបាលខណ្ឌដង្កោ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងហូរចុះមកតាមដងស្ទឹងព្រែកត្នោត។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ សង្កាត់ ភូមិ នាំយកអំណោយទៅចែកជូនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៥០គ្រួសារ ក្នុងភូមិកណ្តាល សង្កាត់រលួស ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី២ដប និងទឹកស៊ីអ៊ីវ២ដប។ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន និងតែងបានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលជួបការលំបាក គ្រោះមហន្តរាយ គ្រោះធម្មជាតិ នានា។ លោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយសារទឹកជំនន់ ដែលហូរធ្លាក់តាមបណ្តោយទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ។
ជាមួយគ្នានេះ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់អោយប្រុងប្រយត្ន ក្នុងរដូវនេះ ជាពិសេសក្មេងៗតូចៗ កុំឲ្យលេងទឹក ដែលបង្កគ្រោះថ្នាក់ និងត្រូវមានអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត និងការពារពីការយាយីរបស់សត្វអាសិរពិសនានា។
បន្ទាប់មក លោកអភិបាលបានដឹកនាំមន្ត្រីរាជការ ទៅទទួលទេយ្យវត្ថុពីព្រះគ្រូគន្ធធុតង្គ សឿ ហេង ព្រះគ្រូចៅអធិការវត្តធុតង្គចំការ នៅបរិវេណវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ។ ទេយ្យវត្ថុដែលបានទទួលរួមមាន៖ អង្ករ១២៥០គីឡូក្រាម មី៨០កេស ទឹកត្រី ២៨យួរ ទឹកស៊ីអ៊ីវ ៤០យួរ និងថវិកា ១លានរៀល ដើម្បីបន្តចែកដល់បងប្អូនយើងទៀត។ ក្នុងនាមរដ្ឋបាលខណ្ឌ លោកអភិបាលបានធ្វើការថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះទ័យយកចិត្តទុកដាក់ និងទឹកចិត្តសប្បុរសធម៌ របស់ព្រះសង្ឃ និងសប្បុរសជនទាំងអស់ដែលបានជួបឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិកា ដល់រដ្ឋបាលខណ្ឌដើម្បីយកទៅចែកជូនដល់ផ្ទាល់ដៃបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមបណ្តាសង្កាត់ដែលជាប់នឹងសណ្តស្ទឹងព្រែកត្នោត៕