(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដោយសារកង្វះទឹកស្រោចស្រព និងខូចខាតចំនួនជាង១ពាន់ហិកតា ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំក្រុមការងារ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករស្ថិតក្នុងឃុំចំនួន៤ នៃស្រុកមង្គលបុរី។

ក្នុងពេលចុះពិនិត្យ ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រព ដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។

ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថា ដំណាំស្រូវក្នុងឃុំចំនួន៤នេះ មិនអាចសង្គ្រោះបានឡើយ ដោយសារមិនមានប្រព័ន្ធធារាសាស្រ្តណាមួយដែលអាចជួយអន្តរាគមន៍ទឹកនោះទេ ខណៈអាជ្ញាធរខិតខំរកប្រភពទឹកពីការជីកអណ្តូង។

ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងលើកសំណើទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដែលមានលទ្ធភាពស្តុកទឹក និងបញ្ជូនទឹកទៅដំណាំស្រូវរបស់កសិករក្នុងឃុំដែលប្រឈមនឹងកង្វះទឹកនេះ។

អំឡុងចុះពិនិត្យនោះ ទេសរដ្ឋមន្រ្តី បានពន្យល់ដល់បងប្អូនប្រជាកសិករនូវការគិតគូររបស់រាជរដ្ឋាភិបាល គឺតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការរៀបចំការបង្កបង្កើនផលស្រូវរបស់កសិករ ដែលតែងប្រឈមនោះទៅជាសហគមន៍កសិកម្មទំនើប ដើម្បីកសិករទទួលបានផលល្អ ព្រមទាំងអាចបង្កបង្កើនទៅតាមតម្រូវការទីផ្សារ។

ជាចុងបញ្ចប់ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកស្រូវប្រាំងរបស់កសិករគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំស្រូវ។ សូមជម្រាបថា ខេត្តបន្ទាយមានជ័យ មានផ្ទៃដីស្រូវចំនួន១,៤៧០ហិកតាប៉ះពាល់ដោយសារកង្វះទឹក ក្នុងឃុំចំនួន៤ រួមមាន៖ ឃុំបត់ត្រង់ ឃុំសឿ ឃុំចំណោម និងឃុំរហាត់ទឹក៕