(សៀមរាប)៖ វត្តព្រះព្រហ្មរ័ត្ន ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំពិធីបុណ្យមហាវេស្សន្តរជាតក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

ការប្រារព្ធធ្វើបុណ្យមហាវេស្សន្តរជាតក គឺបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនា ហើយក៏ជាប្រវត្តិរឿងសន្សំកុសលផ្នែកការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វដែលបានបំពេញបារមីដ៏មហស្ចារ្យ ពោល គឺទាន បារមី ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងជាតិមុខ។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដីកាថា ជាតក គឺមានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ រៀបរាប់ដំណើរជីវិតនិងការបំពេញទានរបស់ព្រះវេស្សន្តររាប់តាំងពីដំរីបច្ច័យនាគគេន្ទ្របរិច្ចាគសត្តសតក មហាទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និងគ្រឹះស្នាជាបុត្រ ព្រមទាំងប្រកាសនឹងបរិច្ចាគនាងមេទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផងដែរ។

ព្រះសាសនសត្ថា តង់ តន មានថេរដីកាបន្តថា ចិត្តសទ្ធាបំពេញទានដ៏ជ្រះថ្លារបស់ព្រះអង្គ មានតាំងពីគង់នៅចេតុត្តរនគររហូតក្នុងដំណើរតាមផ្លូវទៅគង់នៅក្នុងព្រៃភ្នំគិរីវង្គត។ បើធៀបនឹងជាតកផ្សេងទៀតក្នុងបណ្តាទសជាតក ឬជាតកទាំង ១០ មហាវេស្សន្តរជាតក ហាក់ដូចជាពេញនិយមក្រៃលែងក្នុងសង្គមពុទ្ធសាសនាតាំងពីដើមរៀងមក។

ព្រះសាសនសត្ថា តង់ តន មានថេរដីកាបន្ថែមថា ការប្រារព្ធបុណ្យទេសនាព្រះមហាវេស្សន្តរជាតកនេះ ដើម្បីធ្វើការឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះ និងការពារជាតិមាតុភូមិ និងជនរួមជាតិដែលបានស្លាប់ទៅ ដោយភាពអយុត្តិធម៌ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបុព្វការីជន ញាតិមិត្ត ដែលបានចែកថា រំលាយកាយទៅលោកខាងមុខ សូមឲ្យរួចចាកផុតពីអបាយភូមិទាំងឡាយ បានទៅកាន់សុគតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ។

ព្រះសាសនសត្ថា បញ្ជាក់ថា ក្នុងពិធីនេះក៏មានបងប្អូនញាតិញោមជិតឆ្ងាយដែលបានចូលរួម សូមអនុមោទនាក្នុងពិធីបុណ្យទេសនាមហាវេស្សន្ដរជាតក តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លូនផងដែរ៕