(ព្រះវិហារ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្ពុជា ទទួលបានចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូប្រមាណជិត ៧០០លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើងជាង ១៥០លានដុល្លារ បើធៀបឆ្នាំ២០២៣។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មីរបស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនទ្រី ភាព អឹមផត អិចផត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងសម្រេចបាន និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសផ្នែកដំណាំកៅស៊ូ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានអបអរសាទរ លោក គីម រិទ្ធី និងរដ្ឋបាលខេត្តព្រះវិហារ ចំពោះសមិទ្ធផលថ្មីៗសេដ្ឋកិច្ច និងសង្គមជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសវិស័យកសិកម្ម និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការ និងការជួយជ្រោមជ្រែងរបស់រដ្ឋបាលខេត្តចំពោះ ក្រុមហ៊ុនទ្រី ភាព អឹមផត អិចផត តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់មានដំណើរការល្អប្រសើរនាពេលនេះ។

នៅចំពោះមុខអង្គពិធី លោក ឌិត ទីណា ​បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ លោក បានបន្តថា ពាក់ព័ន្ធនឹងការងារស្រាវជ្រាវដំណាំកៅស៊ូ លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងលម្អិតថា ក្រសួងបានបង្កើតក្លូនកៅស៊ូថ្មីចំនួន០២ គឺ CRRI 12 និង CRRI 19 ដែលផ្ដល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថានកម្ពុជា និងត្រូវពង្រីកការដាំដុះឱ្យកាន់តែទូលំលាយនាពេលខាងមុខ។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម, «បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់»។

ជាមួយគ្នានេះ លោក ឌិត ទីណា បានគូសបញ្ជាក់ថា «ក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង ១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨,០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣»។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី បានលើកឡើងថាវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា ក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕