(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានស្នើដល់យុវជនកម្ពុជា ២៩នាក់ ដែលបានចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន» ផ្សព្វផ្សាយអំពីការរីកចំរើនលើ គ្រប់វិស័យរបស់កម្ពុជា ដល់បណ្តាប្រទេសដទៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
លោកទេសរដ្ឋមន្រ្តី បន្ថែមថា ការរីកចំរើន របស់កម្ពុជាលើផ្នែកសេដ្ឋកិច្ច ដែលមានចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់បច្ចុប្បន្ន សម្រេចបាន ជាមធ្យមប្រមាណ ៧.៥ភាគរយ ក្នុងមួយឆ្នាំ និងការរីកចំរើន យ៉ាងខ្លាំងក្លា ផ្នែក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ លោក ប្រាក់ សុខុនថា នេះអាចជាឱកាសមួយ សម្រាប់យុវជនកម្ពុជា រៀនសូត្រ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ជាមួយយុវជនដែល មកពីបណ្តាប្រទេសផ្សេងៗទៀត។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងបែបនេះ ខណៈលោក បានជួបសំណេះសំណាល និងសម្តែងការគួរសម ចំពោះយុវជនឆ្នើមទាំង២៩រូប ដែលចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន» និងសមាជិកសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន ចំនួន៣នាក់ នៅទីស្តីការក្រសួង កាលបីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងពិធីជួបសំណេះសំណាលនាពេលនោះ លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឧបត្ថម្ភថវិកាជូនសមាជិកប្រតិភូយុវជនកម្ពុជា ទាំង២៩នាក់ និងសមាជិកសមាគមទាំង៣នាក់ ក្នុងម្នាក់ៗ តទួលបាន ២០ម៉ឺនរៀល។
យុវជនកម្ពុជា២៩នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន» ដែលមានរយៈពេល៥២ថ្ងៃ ចាប់តំាងពីថ្ងៃទី ២៥តុលា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ កម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣»នេះ ប្រតិភូយុវជនទាំង១១ប្រទេស នឹងធ្វើដំណើរទៅជួបជុំគ្នា នៅប្រទេសជប៉ុន បន្ទាប់មកធ្វើដំណើរតាមនាវា ដោយមានកម្មវិធី ជាច្រើន ឆ្លងកាត់ ប្រទេសអាស៊ានដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី និងត្រឡប់ទៅបញ្ចប់កម្មវិធីនៅប្រទេសជប៉ុនវិញ។
គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានចាប់ផ្តើម នៅឆ្នាំ១៩៧៤ ហើយប្រទេសកម្ពុជា បានចូលរួម នៅឆ្នាំ២០០០ ចាប់តាំងពីឆ្នាំ១៩៧៤ ដល់២០១៥ មានយុវជនចូលរួមចំនួន ១២ ៩៧៧នាក់ ក្នុងនោះ មានយុវជនកម្ពុជា ចំនួន៥១៣នាក់ ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ៕