(សៀមរាប)៖ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោកស្រី Qiu Lili ស្ថាបនិកនិងជាប្រធានមូលនិធិចិនPEACELAND បានជួបពិភាក្សាជាមួយសិស្សានុសិស្ស គណៈគ្រប់គ្រងសាលាបឋមសិក្សា ចំនួន២ ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាសង្កាត់រុនតាឯក សរុបចំនួន១០០រូប លើគម្រោងជួយលើកកម្ពស់ជីវភាពជូនដល់ជនពិការនៅជនបទ ព្រមទាំងសាទរទទួលអំណរឆ្នាំថ្មី ប្រពៃណីជនជាតិចិន។

លោកស្រី Qiu Lili បានកត់សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងសង្កាត់រុនតាឯក ហើយលោកស្រីបានបង្ហាញ នូវឆន្ទៈក្នុងនាមសង្គមស៊ីវិលមួយ របស់ប្រទេសចិនក្នុងការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរួមគ្នានៅក្នុងចរន្តអភិវឌ្ឍ។ ដោយឡែក ក្នុងនាមជាសង្គមស៊ីវិល ដែលបំពេញការងាររួមចំណែក ក្នុងការបោសសម្អាតមីននៅកម្ពុជា លោកស្រីបានរំលេចពីបេសកកម្មការងារ របស់មូលនិធិចិន PEACELAND នៅក្នុងការចូលរួមជាចំណែកមួយ ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ និងផ្តល់ជូនវិបុលភាពដល់ ជនពិការនិងក្រុមគ្រួសារ។ សកម្មភាពនាថ្ងៃនេះ ក៏ជាការសរសេរបញ្ចូលទំព័រថ្មី នៃទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលបានពួតដៃគ្នាពង្រឹងនូវទំនាក់ទំនងដែកថែប រវាងប្រទេសយើងទាំងពីរ។

លោក មឿន មិត្ត សមាជិកក្រុមប្រឹក្សាសង្កាត់រុនតាឯកបានសាទរអំណរឆ្នាំថ្មី ប្រពៃណីជនជាតិចិន ឆ្នាំម៉្សាញ់ ហើយលោកបានយកឱកាសឆ្នាំថ្មីនេះ ធ្វើការវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែក របស់សង្គមស៊ីវិលចិនក្នុងកិច្ចសហការជាមួយ អាជ្ញាធរមូលដ្ឋានក្នុងការស្វះស្វែង និងកៀគរជំនួយពីមិត្តចិន ព្រមទាំងផ្តល់ជាគតិបំភ្លឺផ្លូវជួយដល់ជនពិការក្នុងស្មារតី លើកកម្ពស់ជីវភាពរស់នៅដល់ក្រុមគ្រួសារជនពិការ។

លោកបន្ថែមថា ដោយបូកសរុបលទ្ធផលការងារពេញ១ឆ្នាំ២០២៤កន្លងមក ក្នុងស្មារតីរួមចំណែកដល់ការពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន មូលនិធិចិន PEACELAND បានបង្កើននូវសកម្មភាពជាច្រើនលើកកម្ពស់ជីវភាព ជនពិការដូចជាការផ្តល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ការផ្តល់កង់និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបង្កើតមុខរបរលក្ខណៈ គ្រួសារជូនដល់ជនពិការ និងការផ្តល់សម្ភារសិក្សាជូន ដល់កូនចៅរបស់ជនពិការជាដើម។

លោកចាត់ទុកថាមូលនិធិចិន PEACELAND ដែលជាសង្គមស៊ីវិលមួយរបស់ចិនរួមចំណែក ស្ថាបនាអនាគតដ៏ភ្លឺស្វាង ជនពិការនៅជនបទ ថ្ងៃនេះជាសក្ខីភាពបន្ថែមមួយទៀតដែលមូលនិធិចិន PEACELAND និងមូលនិធិចិន SANYI បានជួយសម្របសម្រួលរៀបចំហាងកាត់សក់ សម្រាប់ជូនដល់ជនពិការអាចប្រកបរបរដោយខ្លួនឯងបាន។

លោក ដែង ឌីណេ តំណាងឱ្យជនពិការរស់នៅក្នុងសង្កាត់រុនតាឯក បានថ្លែងអំណរគុណដល់មូលនិធិចិនPEACELANDដែលតែងបំពេញសកម្មភាពយ៉ាងខ្លាំងក្លា ជួយដល់ជីវភាពជនពិការ។ លោកបន្ថែមថា ចាប់តាំងពីមានវត្តមាននៅសង្កាត់រុនតាឯក មូលនិធិចិន PEACELAND មិនត្រឹមជួយដល់ជនពិការជាពិសេសប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងចរន្ត នៃការអភិវឌ្ឍរបស់ សង្កាត់រុនតាឯកថែមទៀត ដូចជាការដាក់អំពូលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ការចែកដបទឹកអ៊ីណុក កាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ការចែកធុងសំរាម និងការអប់រំពី ការទុកដាក់សំរាម ការកែលម្អផ្ទះបាយនៅក្នុងសាលាបឋមសិក្សា ការចែកកាតាបសម្ភារសិក្សា និងការចែកកង់ជាដើម។ ក្រោមជំនួយពីមូលនិធិចិន SANYI ហាងកាត់សក់ដែលបានដំណើរការ នាថ្ងៃនេះ គឺជាស្ពានដ៏សំខាន់មួយនៃការរួមចំណែកពង្រឹង ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ហើយក៏ជាដែកឆក់នាំយក មិត្តចិនកាន់តែច្រើន មកទស្សនាសង្កាត់រុនតាឯកនេះផងដែរ។

លោក ហ៊ីង ហ៊ឹម នាយកសាលាបឋមសិក្សាហ៊ុនសែនរុនតាឯក បានថ្លែងដោយក្តីរីករាយថា មូលនិធិចិនPEACELAND នេះជាលើកទី១ដែលសិស្សានុសិស្សនៅជនបទ បានសាទរដោយផ្ទាល់ជាមួយជនជាតិចិន ក្នុងការទទួលអំណរឆ្នាំថ្មី ប្រពៃណីជនជាតិចិន។ សិស្សានុសិស្សបានរៀនពាក្យជូនពរជាភាសាចិន បានយល់ដឹងយ៉ាងស៊ីជម្រៅពីប្រវត្តិ និងពីវិធីទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិន ក្នុងការទទួលអំណរឆ្នាំថ្មី។ លោកសង្ឃឹមថា ពិធីសាទរចូលឆ្នាំថ្មីនេះ នឹងក្លាយជាគីឡូម៉ែត្រ ចេញដំណើរដ៏ល្អសម្រាប់ប្រជាជនកម្ពុជា នៅក្នុងសង្កាត់រុនតាឯកក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្តាសង្គមស៊ីវិលនានារបស់ចិន ដែលមានមូលនិធិចិន PEACELAND ជាមិត្តចាស់ ជាមិត្តយល់ចិត្ត និងជាកល្យាណមិត្តរបស់អ្នករស់នៅ ក្នុងសង្កាត់រុនតាឯកនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន