(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មលើកទឹកចិត្តឲ្យវិនិយោគិនជប៉ុន មកធ្វើការវិនិយោគបន្ថែមទៀត លើឧស្សាហកម្មធុនស្រាល ដូចជារោងចក្រតម្លើងគ្រឿងបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត និងទោចក្រយានយន្តជាដើមដើម្បីនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ពីព្រោះកម្ពុជាទទួលបានការអនុគ្រោះពន្ធច្រើន ពីប្រទេសធំៗលើពិភពលោក។
ការស្នើឲ្យវិនិយោគិនជប៉ុនមកវិនិយោគលើឧស្សាហកម្មធុនស្រាលនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ អនុញ្ញាត ឲ្យប្រតិភូធុរជនជប៉ុន ដឹកនាំដោយលោក យូស៊ី កូបាយ៉ាស៊ី (Mr. Yoichi Kobayashi) អនុប្រធានសាជីវកម្ម ITOCHU និងជាប្រធាន គណៈកម្មការសាជីវកម្មមេគង្គជប៉ុន ចូលជួបដើម្បីពិភាក្សា និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជានារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ក៏បានជំរាបជូនលោក យូស៊ី កូបាយ៉ាស៊ី និងសហសេវិកអំពីលក្ខណៈអំណោយផល នៃទីតាំងភូមិសាស្ត្ររបស់កម្ពុជា និងសក្តានុពល នៃច្រករបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់ទន្លេមេគង្គ ដែលបានពង្រឹងការ តភ្ជាប់រវាងកម្ពុជា ជាមួយប្រទេសប្រទេសជិតខាង ជួយសម្រួលការធ្វើពាណិជ្ជកម្ម និងការវិនិយោគឯកជនឆ្លងកាត់ព្រំដែននិងលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងកសិកម្មជាដើម។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ដែរថា វិនិយោគិនអាចនាំចេញទៅកាន់ប្រទេសក្នុងតំបន់ថែមទៀត ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសសមាជិកអាស៊ានផ្សេងៗ ដើម្បីធានាលំហូសេរី នៃទំនិញ និងចូលរួមអនុវត្តន៍ផែនការសហគមន៍ សេដ្ឋកិច្ចអាស៊ាន។
ជាការឆ្លើយតប លោក យូស៊ី កូបាយ៉ាស៊ី បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលបានផ្តល់អនុសាសន៍ល្អៗ និងបានសន្យាថា នឹងប្រើប្រាស់ព័ត៌មានដែលលោក ទទួលបានថ្ងៃនេះ ពិសេសគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីជម្រាបជូនសភាពាណិជ្ជកម្មជប៉ុន និងគណៈកម្មការសាជីវកម្មមេគង្គជប៉ុន ដែលមានសមាជិក ៥១២ ក្រុមហ៊ុនសាជីវកម្ម និងសមាជិកតូចៗចំនួន ១២,០០០ក្រុមហ៊ុន ដើម្បីទាក់ទាញការបណ្តាក់ទុនកាន់តែច្រើន ចូលមកកម្ពុជា។ លើសពីនេះ លោក យូស៊ី កូបាយ៉ាស៊ី សង្ឃឹមថាទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត នៅពេលដែលនិស្សិតកម្ពុជាចំនួន ៦៣០នាក់ ដែលកំពុងសិក្សានៅប្រទេសជប៉ុន វិលត្រលប់មកជួយកម្ពុជា ដើម្បីលុបបំបាត់បញ្ហាកង្វះជំនាញ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបានកសាងស្ពានតឹហ្សាបាដល់កម្ពុជា ដើម្បីតភ្ជាប់ការដឹកជញ្ជូនរវាងកម្ពុជា-វៀតណាម និងបានលើកឡើងពីអត្ថប្រយោជន៍ នៃតំបន់ឧស្សាហកម្មថៃបូក១ ស្ថិតនៅក្នុងខេត្ត បន្ទាយមានជ័យ និងខេត្តកោះកុងផងដែរ៕