(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានសម្តេចតេជោ (ពយតាមូង) ក្រុងព្រះសីហនុ។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, លោក ណាត់ថៈផុង សាងគុលឆិត (Natthapong Sanguanchit) អភិបាលខេត្តត្រាតប្រទេសថៃ អគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។
នាឱកាសនោះលោក ម៉ាង ស៊ីណេត បានស្វាគមន៍ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម នៅលើទឹកដីតំបន់ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបន្ថែមថា ព្រឹត្តិការណ៍នាពេលនេះគឺធ្វើឡើងក្នុងគោលបំណង (១) បង្កើនការទាក់ទាញទេសចរឪ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ (២) ជម្រុញការផ្សព្វផ្សាយផលិតផល និងសក្ការនុពលទេសចរណ៍ (៣) ជម្រុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ (៤) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។ ព្រឹត្តិការណ៍ពិព័រណ៍មានការសម្ដែងសិល្បៈ ការបង្ហាញទស្សនីយភាពវប្បធម៌ និងការតាំងពិព័រណ៍ផលិតផលនានាផងដែរ។
ថ្លែងនាឱកាសនោះលោក ហួត ហាក់ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធនាមថា ជាមាសបៃតងក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ ព្រមទាំងគាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បុបែបធ្វើឪ្យប្រទេសកម្ពុជា រក្សាបានសុខសន្តិភាពមានស្ថេរភាពនយោបាយពេញលេញមានការអភិវឌ្ឍលើគ្រប់វិស័យ បន្តអនុគ្រោះដល់ការវិនិយោគ និងការរីកចម្រើនក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលចាត់ទុកវិស័យទេសចរណ៍ គឺជាបន្ទល់សេដ្ឋកិច្ចមួយសំខាន់ ក្នុងនោះបានចូលរួមចំណែកប្រមាណជា ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ៤លាននាក់ សូមប្រជាពលរដ្ឋចាប់យកអត្ថប្រយោជន៍ឱ្យបានច្រើនជាអតិបរិមា លើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ លទ្ធផលដែលផ្តើមចេញខាងលើ គឺជាកិច្ចសហ ប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងវិស័យឯកជន ព្រោះវិស័យទេសចរណ៍ ជាវិស័យដែលមានប្រទាក់ក្រឡាគ្នា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងរដ្ឋ និងឯកជន ថ្នាក់ជាតិ ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិដោយឈរលើអភិក្រមតួអង្គតែមួយ លើគោលការណ៍គ្រឹះទេសចរណ៍ផ្សាភ្ជាប់ទៅនឹងទឹកដី រក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេត្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង។
ក្រសួងទេសចរណ៍បានដាក់ចេញនូវសសរស្តម នៃកិច្ចសហប្រតិបត្តិការចំនួន៥ ក្នុងនោះមានដូចជា៖ (១)កិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួង ស្ថាប័ន (២) កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ សាលារដ្ឋបាលខេត្តទាំង២៤ (៣)កិច្ចសហប្រតិបត្តិការស្ថានឯក អគ្គរដ្ឋទូត ស្ថានឯអគ្គរាជទូតបរទេសប្រចាំកម្ពុជា ដៃគូរអភិវឌ្ឍ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ស្ថានកុងស៊ុលកម្ពុជានៅបរទេសកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងតំនប់អាស៊ាន និងពិភពលោក (៤)កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅស្រុក (៥) កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយបណ្តាសារ ព័ត៌មានជាតិ និងអន្តរជាតិ៕