(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានលើកឡើងថា មនុស្សចាស់គឺជាបណ្ណាល័យ រស់ដែលបានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗសម្រាប់ យុវវ័យជំនាន់ថ្មី ជាពិសេសមនុស្ស គឺជាធនធានដ៏សំខាន់បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនផងដែរ។
ដោយសារគុណបំណាច និងការដើរតួនាទី ដ៏សំខាន់នេះហើយ ជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់មនុស្សចាស់។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ុម សារឿន នៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០១៦ ក្រោមប្រធានបទ «សមាគម មនុស្សចាស់គឺយន្តការដ៏សំខាន់ ជួយអភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ» ដែលបានប្រារព្ធឡើងនៅ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
លោក ម៉ុម សារឿន បានថ្លែងថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោល បំណងលើកកម្ពស់កិច្ចគាំពារឲ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញ ពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិ ហើយមនុស្សចាស់ គឺជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្ស ជំនាន់ក្រោយ។
លោក បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ តែងតែផ្តល់ក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ លោកយាយ លោកតា អ៊ុ មា មីង និងជនរួមជាតិទាំងអស់ ជាពិសេសគឺបានដាក់ចេញ នូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបានបង្កើតយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់របបគោលនយោបាយ សម្រាប់សេវាសង្គមកិច្ចចំពោះជនចាស់ជរា ហើយជានិច្ចកាលរាជរដ្ឋាភិបាលមិនដែលបោះបង់ចោលនូវយុទ្ធជនឡើយ»។
បន្ទាប់ពីសំណេះសំណាល លោកអភិបាលខេត្ត ម៉ុម សារឿន បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ត្រីរាជការជានិវត្តន៍ជន អតីតយុទ្ធជន និងលោកយាយ លោកតា ចាស់ជរា ១២២នាក់។ ក្នុងម្នាក់ៗទទួលបាន មីចំនួន០១កេស, អង្ករចំនួន៣០គីឡូក្រាម, ត្រីខចំនួន០១យួរ, ស្ករសចំនួន០១គីឡូក្រាម, ទឹកដោះគោចំនួន០២កំប៉ុង, ក្រម៉ាចំនួន០១, អាវចំនួន០១, ក្រណាត់ចំនួន២ម៉ែត្រ, ភួយចំនួន០១ និងថវិកាចំនួន២០,០០០០រៀល៕