(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរស្រុកមោងឬស្សី បានចុះណែនាំដល់ប្រជាពលរដ្ឋនិងអាជីវករដែលលក់ដូរក្នុងផ្សារ ឲ្យយល់ដឹងពីផលប៉ះពាល់សុខភាពនូវទំនិញម្ហូបអាហារផ្សេងៗ នាព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦ ព្រមទាំងរឹបអូសបានទំនិញខូចគុណភាព និងដាក់លាយសាធារធាតុគីមី ហ្វ័រមាលីន (Formalin) មួយចំនួនយកទៅកម្ទេចចោលភ្លាមៗនៅនឹងកន្លែងផងដែរ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ទំនិញខូចគុណភាពដែលសមត្ថកិច្ចយើងរឹបអូសបានមាន៖ ១- ស្ករគ្រាប់(ស្ករកៅស៊ូ) ចំនួន៥គីឡូក្រាម ២- នំប្រៃ នំផ្អែម ចំនួន៦គីឡូក្រាម ៣- មឹក(គ្រឿងសមុទ្រ) មានដាក់សារធាតុគីមីហ្វ័រមាលីន ចំនួន៣គីឡូក្រាម។
ជាមួយគ្នានោះដែរ មន្រ្តីជំនាញក៏បានណែនាំបន្ថែមដល់អាជីវក និងប្រជាពលរដ្ឋពីបញ្ហាផលប៉ះពាល់សុខភាព ព្រមទាំងបានបិទរូបភាពនៅនឹងកន្លែងលក់ផ្ទាល់ជាច្រើនកន្លែង ដើម្បីឲ្យពួកគាត់បានឃើញនិងយល់កាន់តែច្បាស់ពិតប្រាកដជាងមុនផងដែរ។
លោកប្រធានក៏បានសំណូមពរដល់អាជីវករទាំងអស់ក្នុងផ្សារ កុំឲ្យនាំចូលទំនិញខូចគុណភាព ជាពិសេសម្ហូបអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានផ្លាកសញ្ញា គ្មានសំបកវេចខ្ចប់ ត្រឹមត្រូវ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញទំនិញយកទៅបិរភោគឬប្រើប្រាស់ សូមមេត្តាពិនិត្យមើលទំនិញនោះឲ្យបានម៉ត់ចត់ជាមុនសិន ជៀងវាងប៉ះទំនិញខូចគុណភាព មានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ យើងទាំងអស់គ្នា។
គួររំលឹកថា មន្រ្តីសាខាកាំកុងត្រូលខេត្តដែលជាសមត្ថកិច្ចជំនាញបាននឹងកំពុងធ្វើការត្រួតពិនិត្យជាប្រចាំ នៅតាមផ្សារគ្រប់ទីកន្លែងក៏ដូចជានៅតាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃ ហើយបានបញ្ជាដល់មន្រ្តីកាំកុងត្រូល ដែលប្រចាំការគ្រប់មាត់ច្រកព្រំដែន ក៏ដូចជាតាមទីផ្សារនានា ទាំងអស់ក្នុងខេត្ត បាត់ដំបង ឲ្យរឹតបន្តឹងបន្ថែមទៀតក្នុងការត្រួតពិនិត្យនូវទំនិញដែលនាំចូល ពិសេសម្ហូបអាហារ គ្មានអនាម័យនិងខូចគុណភាព ព្រមទាំងបានបន្តចុះធ្វើជាប្រចាំរហូត ទាល់តែអ្នកនាំទំនិញចូលនិងអ្នកប្រើប្រាស់បានយល់ជ្រាបច្បាស់បានគ្រប់ៗគ្នាផងដែរ៕