(ភ្នំពេញ)៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេលមួយខែធ្នូ ឆ្នាំ២០២៤កន្លងមកនេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាសរុប ៣៦២,៣២៣សេវា ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៨០០លានរៀល។

លោកបណ្ឌិត ទូច សុឃៈ បានសង្កេតឃើញថាប្រជាពលរដ្ឋភាគច្រើនបានមកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយដែលជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលតម្លាភាព និងគណនេយ្យភាព។

លោកបណ្ឌិតបានថ្លែងថា ក្នុងខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ការិយាល័យច្រកចេញចូលតែមួយបានផ្តល់ជូនប្រជាពលរដ្ឋជាង៣០ម៉ឺនសេវា ក្នុងនោះរួមមាន៖ ការងារអត្រានុកូលដ្ឋានបានផ្តល់សេវាបានច្រើនជាងគេ គឺមានចំនួន ២០២,៧២៥សេវា (ស្មើនឹង៥៥,៩៥%) និងការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន ១៤០,១០៣សេវា (ស្មើនឹង៣៨,៦៧%)។ ដោយឡែកចំពោះវិស័យដែលបានផ្តល់សេវាតិចជាងគេគឺ វិស័យកសិកម្មបានផ្តល់សេវាចំនួន ១៦សេវា (ស្មើនឹង០,០១%) និងវិស័យដែលមិនបានផ្តល់សេវាគឺវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យបរិស្ថាន។

លោកបណ្ឌិត បានបន្តថា ក្នុងរយៈពេលដូចគ្នានេះ ការិយាល័យច្រក ចេញចូលតែមួយទទួលបានចំណូលចំនួន ៨៣០,៦២២,៤៥០រៀល (ស្មើនឹង ២០៧,៦៥៥,៦១ដុល្លារអាម៉េរិក) ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ឃើញថាវិស័យសំណង់ទទួលបានចំណូលខ្ពស់ ជាងគេគឺចំនួន ២០០,៥៥៩,៥០០រៀល (ស្មើនឹង២៤,១៥%) បន្ទាប់មកវិស័យសុរិយោដីទទួលបានចំណូលចំនួន ១៦,៥៩៥,០០០រៀល (ស្មើនឹង២០,៤២%) ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្មបាន ទទួលចំណូលចំនួន ៥០,០០០រៀល (ស្មើនឹង០,០១%) និងវិស័យដែលមិនទទួលបានចំណូលគឺ វិស័យពាណិជ្ជកម្ម វិស័យធម្មការ និងសាសនា និងវិស័យបរិស្ថាន។

គួរបញ្ជាក់ជូនថា ការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន៖ ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការ និងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី។

ការផ្តល់សេវាតាមច្រកចេញចូលតែមួយនេះ អនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រសួង ស្ថាប័នថ្នាក់ជាតិបានផ្ទេរសិទ្ធិសម្រេចផ្ដល់សេវាជាង ៨០០ប្រភេទ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវា និងជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា គឺ «អ្វីៗដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»