(កណ្តាល)៖ លោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានសន្យាថានឹងជំរុញឲ្យមានការ បើកជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន នាពេលឆាប់ៗខាងមុខនេះ។
ការសន្យាបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី ដឹកនាំគណៈប្រតិភូជប៉ុន សរុបចំនួន១២០នាក់ ដោយមានការចូលរួមពីអង្គការ JICA និងក្រុមហ៊ុនមកពីជប៉ុនចំនួន ៥៨ក្រុមហ៊ុន ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ច, លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ឯកអគ្គរាជទូតជប៉ុន បានសន្យាថា នឹងបន្តធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍នៅជប៉ុន ដើម្បីលើកទឹកចិត្តឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន នៅថ្ងៃអនាគតខាងមុខ។
ក្រោយចុះទស្សនកិច្ចរួមមក ក្រុមហ៊ុនទាំងអស់របស់ជប៉ុន និងគណៈប្រតិភូជប៉ុនផ្សេងទៀត បានបង្ហាញអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង និងមិននឹកស្មានថា ប្រទេសកម្ពុជា អាចសាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាត 4F។
លោក ឆារស៍ វ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកអគ្គរាជទូត បានពិនិត្យផ្ទាល់ និងឃើញផ្ទាល់ ហើយសប្បាយចិត្ដយ៉ាងខ្លាំង ហើយក៏បានសន្យាថា នឹងធ្វើការបន្ដជាមួយ Airline AnA នៅប្រទេសជប៉ុន ដើម្បីលើកទឹកចិត្ដ ឲ្យមានការហោះត្រង់ ជាមួយនឹងប្រទេសកម្ពុជា នាថ្ងៃអនាគត»។
បើតាមនាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក, នៅក្នុងដំណាក់កាលទី១ នៃព្រលានយន្តហោះអន្តរជាតិខ្នាត 4F គឺអាចទទួលអ្នកដំណើរ ចន្លោះពី១៣លាននាក់ ទៅ១៥លាននាក់។
សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។
ការសាងសង់នេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រង ដែលកំពុងបម្រើការងារ នៅឯការដ្ឋានសាងសង់ មានចំនួនសរុបប្រមាណជិត ១៦,០០០នាក់ ក្នុងនោះមានខ្មែរជាង ៩០%។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់មកបណ្តាញព័ត៌មាន Fresh News។
នាពេលថ្មីៗនេះ ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕