(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្ត មន្ត្រីសុរិយោដីខេត្ត អង្គភាពទាំង៣ រដ្ឋបាលក្រុងសិរីសោភ័ណ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២. ៥៤១បណ្ណ ជូនម្ចាស់កម្មសិទ្ធិនៅក្នុងភូមិ២ និងភូមិតារាងបាល់​នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់សុរិយោដីខេត្តបន្ទាយមានជ័យ បានចែកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លី ពីលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិ២ និងភូមិតារាងបាល់ ស្ថិតនៅក្នុងបរិវេណវត្តមុន្នីសោភ័ណ្ឌស្វាយថ្មី ហៅវត្តតាហ៊ី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិ សរុបចំនួន ២.២០៥ ក្នុងនោះមាន៖

១៖ ភូមិ២ សរុបចំនួន ១.៨៩៣ក្បាលដី ក្នុងនោះមាន ១ក្បាលដី ដែលត្រូវបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនមានចំនួន ១.៧០១ក្បាលដី ក្នុងនោះមាន ដីលំនៅឋាន ដីកសិកម្ម- ដីវត្ត- សាលារៀន។ ២ ក្បាលដីដែលមិនអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ១៩២ក្បាលដី មានដីទំនាស់ ចំនួន ១២ក្បាលដី ដីគ្មានទិន្នន័យ មានចំនួន ១៨០ក្បាលដី។

២៖ ភូមិតារាងបាល់ មានសរុបចំនួន ៦៤៨ក្បាលដី ក្បាលដីដែលត្រូវបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានចំនួន ៥០៤ ក្បាលដី ដីលំនៅឋាន មានចំនួន ៥០២ក្បាលដី ដីកសិកម្ម ក្បាលដីដែលមិនអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ១៤៤ ក្បាលដី ដីទំនាស់ដីគ្មានទិន្នន័យ មានចំនួន ៦៣ក្បាលដីមានចំនួន ៨១ ក្បាលដី។

បើតាមលោក មាស ដារ៉ា បានឱ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៦៧៧ .៦៨០ក្បាលដី និងបានចុះបញ្ជី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចចំនួន ៣០៥ .៩៥៩ ក្បាលដី ដោយឡែកក្នុងក្រុងសិរីសោភ័ណមានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៥៨. ២៤៧ក្បាលដី ដែលបានបញ្ចប់ការវាស់វែង ហើយបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុរួចចំនួន ៣៨. ២១៧ ក្បាលដី។

លោក មាស ដារ៉ា បន្ថែមថា ដំណាក់កាលនៃការចុះបញ្ជីដីធ្លីផលប្រយោជន៍នប័ណ្ណកម្មសិទ្ធិ ការផ្លាស់ប្តូរ និងផ្ទេរសិទ្ធិនាពេលខាងមុខ អំពីដំណាក់កាលនៃការចុះបញ្ជីដីធ្លី និងនីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធមាន ៥ដំណាក់កាល ហើយនេះគឺជាដំណាក់កាលចុងក្រោយ ដែលចុះបញ្ជីចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី ស្ថិតក្នុងភូមិ២ និងភូមិតារាងបាល់ សង្កាត់ កំពង់ស្វាយ ។

នាឱកាសនោះដែរ លោក ហ៊ឹល រ៉ាយ៉ា បានឱ្យដឹងដែរថា ប័ណ្ណកម្មសិទ្ធិនេះវាមានប្រយោជន៍ណាស់សំរាប់ម្ចាស់ដីធានានូវសិទ្ធិស្របច្បាប់ជាម្ចាស់កាន់ដីធ្លី និងអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ធ្វើការអភិវឌ្ឍន៍ដី និងបើកអាជីវកម្មបាន។ ប័ណ្ណកម្មសិទ្ធិនេះអាចយកទៅប្រើប្រាស់ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ ដើម្បីពង្រីកមុខរបរឬអាជីវកម្មបន្ថែមទៀតបាន មានប័ណ្ណកម្មសិទ្ធិនេះក៏អាចកាត់បន្ថយជម្លោះដីធ្លីបានដែរ ព្រោះប័ណ្ណកម្មសិទ្ធិនេះជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ប័ណ្ណកម្មសិទ្ធិនេះងាយស្រួលចំពោះការផ្ទេរអចលនវត្ថុដើម្បីធានានូវសិទ្ធិស្របច្បាប់រាល់ការផ្លាស់ប្ដូរ និងផ្ទេរសិទ្ធិត្រូវធ្វើការចុះបញ្ជីបន្ត​នៅការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់និងភូមិបាល ស្រុក ក្រុងជាដើម៕