(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នេះ ហាងលក់ជ្រូកតាម៉ាប់ ស្ថិតនៅផ្សារ៧មករា ខណ្ឌទួលគោគ រាជធានីភ្នំពេញ បានទទួលចម្អិននិងខ្វៃជ្រូកកើនឡើងជាង៤០%បើប្រៀបធៀបពិធីបុណ្យសែនចូលឆ្នាំចិនឆ្នាំ២០២៤កន្លងទៅ។
បើតាមម្ចាស់ហាងលក់ជ្រូកខ្វៃតាម៉ាប់ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ហាងបានទទួលការបញ្ជាកក់ទិញជ្រូកខ្វៃពីសំណាកអតិថិជនថ្មីកើនរហូតដល់ជាង៣០០នាក់ ហើយដោយសារហាងមានអតិថិជនចាស់ជាច្រើនរូបទៀត ដែលតែងតែមកទិញជ្រូកខ្វៃនៅទីនេះរៀងរាល់ឆ្នាំផងដែរ គឺបានធ្វើឲ្យហាងលក់ជ្រូកខ្វៃសម្រេចធ្វើចម្អិនជ្រូកខ្វៃកើនឡើងដល់ជាង៦០០ក្បាល កើនឡើងប្រមាណជាង៤០% ហើយក្រៅពីនេះហាងក៏មានការចម្អិនទាខ្វៃ មាន់ខ្វៃជាច្រើនទៀតផងដែរ។
ម្ចាស់ហាងបានបន្តថា អតិថិជនបានបញ្ជាទិញនៅក្នុងអំឡុងពេលនេះ គឺមានមួយចំនួនបញ្ជាទិញកក់តាមប្រព័ន្ធតេលេក្រាម ខ្លះទៀតបានមកកក់ផ្ទាល់នៅក្នុងហាង ដើម្បីងាយមកយកជ្រូកខ្វៃព្រឹកថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន ខណៈការលក់ជ្រូកខ្វៃឆ្នាំនេះដែរ គឺមិនមានការឡើងថ្ងៃនោះទេ។
បើតាមអតិថិជនហាងតាម៉ាប់ជ្រូកខ្វៃបានឲ្យដឹងថា ដោយសារការខ្វៃជ្រូក មាន់ ទានៅទីនេះ គឺមានរស់ជាតិឆ្ងាញ់ប្លែកពីកន្លែងផ្សេងៗទៀត ទើបរៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃសែនចូលឆ្នាំចិន សែនឆេងម៉េង និងពិធីសែននានាទៀត គឺពួកគាត់តែងមកទិញកក់ទុកមុន ដើម្បីធានាថានឹងបានជ្រូកខ្វៃនៅថ្ងៃធ្វើពិធីសែនឈានចូលមកដល់។
សូមបញ្ជាក់ថា តាមប្រពៃណីពលរដ្ឋខ្មែរកាត់សែចិននៅតាមផ្ទះ តាមហាងអាជីវកម្ម ទីតាំងប្រកបរបរកស៊ីនានា គឺគេនាំគ្នាធ្វើរៀបចំតុបតែងផ្ទះ រៀបចំម្ហូបអាហារ ជ្រូកខ្វៃ ទាខ្វៃ ផ្លែឈើ បង្អែមនានា ធ្វើពិធីសែនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជូនជីដូនជីតា ទេវតា ទៅតាមលទ្ធភាព ដើម្បីនាំលាភសំណាងនៅក្នុងឆ្នាំថ្មីនេះ ហើយតាមផ្ទះខ្លះទៀតអញ្ជើញក្រុមម៉ុងសាយរាំលោតនាំលាភនាំជ័យ ដេញវិញ្ញាណខ្មៅ និងមានការចែកអាំងប៉ាវចែកចំណីអាហារដល់គ្នាទៅវិញទៅមក ជូនពរគ្នាទៅវិញឲ្យមានលាភហូរចូលគ្រួសាររបស់ពួកគេកាន់តែច្រើនដូចគ្នា។