(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងរហូតដល់វេលាម៉ោង ១១៖៤០នាទី ពេលល្បាតដល់ចំណុចវត្តអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក៏បានប្រទះឃើញម៉ូតូក្រុមក្មេងទំនើង១ក្រុម កំពុងបង្ហោះម៉ូតូ។
ភ្លាមៗនោះកម្លាំងបានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន១៦នាក់ ក្នុងនោះមានស្រ្តីស្រី៣នាក់ រួមទាំងម៉ូតូចំនួន៧គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលើក្មេងទំនើងទាំងចំនួន១៦នាក់ (ស្រី៣នាក់) ជាលទ្ធផលវិជ្ជមាន៦នាក់។
ចំពោះក្មេងទំនើងចំនួន៦នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ឌិន លីហៀង អាយុ២៤ឆ្នាំ
*ទី២៖ ឈ្មោះ ម៉ែន សុខខុន អាយុ២០ឆ្នាំ
*ទី៣៖ ឈ្មោះ លឹម គឹមហូវ អាយុ១៧ឆ្នាំ
*ទី៤៖ ឈ្មោះ ហឿត រ៉ុង អាយុ១៧ឆ្នាំ
*ទី៥៖ ឈ្មោះ តូ ត អាយុ២៥ឆ្នាំ
*ទី៦៖ ឈ្មោះ នួន វ៉េវ អាយុ២៥ឆ្នាំ។
ចំណែកក្មេងទំនើងចំនួន១០នាក់ (ស្រី៣នាក់) ពុំមានសារធាតុញៀន ដោយទទួលបានការអនុញ្ញាតពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលធានាត្រឡប់ទៅលំនៅដ្ឋានវិញ៕