(ស្វាយរៀង)៖ អធិការដ្ឋាននគរបាលក្រុងបាវិត បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនជាតិចិនម្នាក់ បានរត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និង មានមនុស្ស៣នាក់ ដេញចាប់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះមានជនបរទេស២នាក់ និងខ្មែរម្នាក់ មកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងបាវិត រីឯជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពហុព្យាបាលថៃខាងវិញ ព្រមទាំងមានដាក់កម្លាំងសមត្ថកិច្ចនគរបាលការពារផងដែរ។

ក្រោយពីធ្វើការសាកសួរជនបទេសចំនួន២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់, ជនជាតិ មីយ៉ាន់ម៉ាម្នាក់ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ និងជនជាតិខ្មែរម្នាក់ មុខរបរសន្តិសុខ បានបំភ្លឺជូន សមត្ថកិច្ចថា កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខ្លួនត្រូវបានក្រុមហ៊ុនឲ្យយករថយន្ត០១គ្រឿង ជូនបុគ្គលិកជនជាតិចិនទៅមន្ទីរពេទ្យពិនិត្យព្យាបាលជម្ងឺ។

ក្រោយពីគ្រូពេទ្យ បានពិនិត្យ និងឲ្យថ្នាំសម្រាប់លេប បានប្រហែលមួយម៉ោង ជនរងគ្រោះបានដើរចេញមកវិញ សំដៅឡើងរថយន្ត ក៏ប៉ុន្តែជនរងគ្រោះមិនចូលរថយន្ត ក៏បានរត់ចេញទៅរកថ្នល់ ដោយពួកខ្លួនមានការព្រួយបារម្ភបញ្ហា សុខភាពជនរងគ្រោះ (ធ្លាប់មានបញ្ហាខួរក្បាល) និងខ្លាចមានគ្រោះថ្នាក់ចរាចរណ៏ផងនោះ ក៏បានដេញតាមពីក្រោយ និងចាប់អ្នកជម្ងឺឲ្យចូលក្នុងរថយន្ត ដើម្បីជូនទៅក្រុមហ៊ុនវិញ ពេលនោះស្រាប់តែមានសមត្ថកិច្ច មកដល់ និងបាននាំពួកខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិតតែម្តង។

ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបានបំភ្លឺជូនសមត្ថកិច្ចថា មួយរយៈចុងក្រោយ ខ្លួនមានអាការថប់ៗទ្រូង និងតែងតែប្រើថ្នាំឈឺក្បាលជាប្រចាំ និងរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ជំងឺថប់ទ្រូងរបស់ខ្លួន ក៏រើឡើងវិញ ហើយលេបថ្នាំជាច្រើននៅតែមិនបាត់ ទើបនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខ្លួនក៏បានប្រាប់ក្រុមហ៊ុន ទើបក្រុមហ៊ុនបានឲ្យបុគ្គលិក០៣នាក់ ជូនខ្លួនមកមន្ទីរពេទ្យ។

ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យថតសែន និងអេកូ ហើយបានប្រាប់ខ្លួនថា ខ្លួនមានបញ្ហាតម្រង់នោម និងរលាកទងសួត ហើយខ្លួនក៏ឲ្យគ្រូពេទ្យផ្សំថ្នាំឲ្យលេបសិន ពេលបានថ្នាំហើយ ខ្លួនក៏បានដើរចេញពីមន្ទីរពេទ្យ ប៉ុន្តែពេលនោះ ខ្លួនមិនដឹងថា ខ្លួនរត់ចេញពីពេទ្យទេ និងមិនបានដឹងថា គេជួយចាប់នោះដែរ ដោយសារពេលមុនខ្លួនធ្លាប់មានបញ្ហាប្រើប្រាស់ថ្នាំឈឺក្បាល (ថ្នាំប៉ះពាល់ខួរក្បាល) និងដោយសារឈឺផង ពិបាកដកដង្ហើមទៀត ខ្លួនក៏សន្លប់ហើយពេលដឹងខ្លួនវិញ គឺនៅលើគ្រែមន្ទីរពេទ្យ ដោយដៃមានព្យសេរ៉ូមតែម្តង ព្រមទាំងឃើញមិត្តភក្តិនៅជាមួយ។ តាមរយៈវីដេអូកាមេរ៉ាសុវត្តិភាព និងតាមការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ច ឃើញថា៖ ករណីនេះពុំមែនជា ករណីចាប់ជំរិត ឬពាក់ព័ន្ធ នឹងបទល្មើសណាមួយនោះទេ។

បច្ចុប្បន្នអ្នកជម្ងឺជនជាតិចិនខាងលើ ត្រូវបានក្រុមហ៊ុនរៀបចំអោយសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ពហុព្យាបាលថៃខាង ក្រុងបាវិត ដោយមានមិត្តភក្តិជួយមើលថែទាំជាមួយ៕