(រតនគិរី)៖ ស្ពានដែកបាឡេជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ បានសាងសង់រួចរាល់១០០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ខណៈលោកអញ្ជើញអមដំណើរលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារនាយកដ្ឋានផ្លូវជនបទ និងលោកឧត្តមសេនីយ៍ទោ សោម សុដេត កងវិស្វកម្មក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។
លោកបានចុះពិនិត្យបញ្ចប់ការដ្ឋានសាងសង់ស្ពានដែកបាឡេរបស់កងវិស្វកម្ម ក្រសួងការពារជាតិ នៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គលស្រុកកូនមុំ ខេត្តរតនគិរី។
លោក អៀម អឿន បន្តថា ក្រៅពីការងារសាងសង់ស្ពានដែកបាឡេនេះ ក្រុមការងារកងវិស្វកម្មបានជួសជុលផ្លូវចំនួន០១ខ្សែ មានប្រវែង៦,២០០ម៉ែត្រ, ទទឹងខ្នងលើ៥ម៉ែត្រផងដែរ។ ជាលទ្ធផលទាំងស្ពាន និងផ្លូវ សម្រេចរួចរាល់១០០%។
លោកថា ការសាងសង់ស្ពានដែកបាឡេនេះ គឺមានរយៈពេលត្រឹម៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ផ្តើមរហូតដល់បញ្ចប់ជាស្ថាពរថ្ងៃនេះ។ ចំពោះស្ថានភាពស្ពានពេលនេះ គឺអាចឆ្លងកាត់ជាបណ្តោះអាសន្នពីព្រោះ ទើបតែសាងសង់រួចនៅមិនទាន់គ្រប់ថ្ងៃកំណត់របស់បេតុងអាមេនោះទេ ហើយស្ពាននេះទ្រទំងន់បានត្រឹមតែ១៥តោនតែប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរគ្រប់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកលំផាត់ និងស្រុកកូនមុំ សូមជួយចូលរួម ណែនាំដល់គ្រប់ប្រជាពលរដ្ឋ និងអ្នកអាស្រ័យផលធ្វើចរាចរឆ្លងកាត់ស្ពានដែកបាឡេនេះ សូមកុំដឹកលើសទំងន់ ដើម្បីធានាបាននូវភាពយូរអង្វែងរបស់គម្រោងស្ពាន។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញសម្ពោធទំនប់អូរតេធិបតីនៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានសម្រេចឲ្យកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ចុះសិក្សាសាងសង់ ស្ពានដែកបាឡេជូនប្រជាពលរដ្ឋទាំងពីរស្រុក ទុកជាចំណងដៃតែម្តងដែលមានបណ្តោយ ២៧ម៉ែត្រ ទទឹង ៤. ០២ម៉ែត្រ។
តំណាងប្រជាពលរដ្ឋឃុំទាំងពីរស្រុក បានគារពថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ និងបានសម្តែងការសាទរសប្បាយរីករាយ ដែលនឹងទទួលបានស្ពានដែកបាឡេ ដែលជាសមិទ្ធផលថ្មី សម្រាប់ឆ្លងកាត់ និងដឹកជញ្ជូនភោគផលដំណាំ ជាពិសេសសម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព បានយ៉ាងឆាប់ រហ័សជាដើម។
ពួកគាត់ថា ចាប់ពីពេលនេះតទៅ ពួកគាត់លែងព្រួយបារម្ភ ចំពោះការធ្វើដំណើរឆ្លង កាត់អូរទទឹងនេះទៀតហើយ ព្រោះត្បិត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុក បានគិតគូពីភាពសុខទុក្ខ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយបានជួយសាងសង់ស្ពានថ្មីបានធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។ ប្រជាពលរដ្ឋ បានអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងបានជួយសម្រួល ដល់ការលំបាករបស់ពួកគាត់ នៅក្នុងគ្រប់កាលៈទេស។
សូមបញ្ជាក់ថា នៅពេលខាងមុខ រាជរដ្ឋាភិបាលមានគម្រោងស្ថាបនាផ្លូវកៅស៊ូពីចំណុចស្ពានស្រែពកផ្លូវជាតិលេខ៧៦ក្នុងស្រុកលំផាត់ ឆ្ពោះមកផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំហើយនឹងត្រូវធ្វើស្ពានបេតុងមួយខ្សែ ដែលឆ្លងកាត់ដងអូរទទឹងនេះផងដែរ។ ដូច្នេះនាពេលអនាគត វាគឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ខេត្តរតនគិរី ពីព្រោះថា ផ្លូវនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងបម្រើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន ជាពិសេស ការធ្វើដំណើរនៅក្នុងរដូវវស្សា លែងជួបការលំបាក ដូចពេលមុនទៀតហើយ៕