(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត លុះដល់ចំណុចម្ដុំដីសក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក៏បានប្រទះឃើញក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ ជិះម៉ូតូកាន់កាំបិតចំនួន២ដើម។

ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ចាន់ សៀវម៉េង អាយុ២១ឆ្នាំ

*ទី២៖ ឈ្មោះ មុំ មាន អាយុ២៥ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងកាំបិតចំនួន២ដើម និងម៉ូតូមួយគ្រឿង​ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ខណៈកម្លាំងកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិតចំនួន០២ដើមនេះពិតប្រាកដមែន ដោយមូលហេតុទៅរកសងសឹកអ្នកដែលមករករឿងពួកខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានធ្វើឡើងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕