(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកសរសេរសៀវភៅអាថ៌កំបាំងក្រៅឆាក បានឱ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម មានបំណងចង់ឱ្យលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីងភីង មកចូលរួមប្រជុំជាមួយគ្នានៅក្នុងប្រទេសម៉ាឡេស៊ី តាមរយៈកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ការបញ្ជាក់បែបនេះរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ពុយ គា បានបន្តថា ក្នុងនាមជាម្ចាស់ផ្ទះ ម៉ាឡេស៊ីពិតជាមានមហិច្ឆតាធំដែលបានរៀបចំឯកសារផែនការអាទិភាពរហូតដល់៥ទំព័រ។ លោក Anwar Ibrahim មានផែនការអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកប្រជុំជាមួយអាស៊ាន (ASEAN GCC + China Summit) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ចួនគ្នានឹងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១ (១០ប្រទេស) នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥។ ឆ្លៀតពេលនេះលោកក៏ត្រៀមអញ្ជើញមេដឹកនាំដែលពិបាកទស្សន៍ទាយមុនគឺលោក ដូណាល់ ត្រាំ ឱ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាចុងឆ្នាំនេះដែរ។ ជាទម្លាប់ លោក ស៊ី ជីនពីង មិនដែលចូលរួមកិច្ចប្រជុំអាស៊ានម្តងណាឡើយ លោកតែងបញ្ជូននាយករដ្ឋមន្រ្តីមកជំនួស។
ការព្យាយាមចង់ឱ្យមានវត្តមានរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យអាស៊ានសម្លឹងមើលមុខដាក់គ្នា និងសួរគ្នាទៅវិញទៅមកអំពីភាពមិនច្បាស់លាស់របស់លោក ត្រាំ ដែលធ្វើឱ្យគេពិបាកទស្សន៍ទាយបាន។ ដោយវិញ្ញាសាដំបូងថាតើលោក ត្រាំ នឹងធ្វើការជាមួយអាស៊ានបានកម្រិតណា? តើលោក ត្រាំ នឹងមកចូលរួមប្រជុំជាមួយអាស៊ានរាល់ឆ្នាំ ដូចមេដឹកនាំអាមេរិកមុនៗដែរឬទេ? ព្រោះតែកាលពីលោក ត្រាំ ធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិដំបូង លោក ត្រាំ ចូលរួមប្រជុំតែម្តងគត់ក្នុងរយៈពេលបួនឆ្នាំ ហើយមិនពេញលេញទៅទៀត ពោលគឺចូលមួយភ្លែតក៏ត្រលប់ទៅវិញបាត់។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖