(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកសរសេរសៀវភៅអាថ៌កំបាំងក្រៅឆាក ដែលតែងតែចូលរួមកិច្ចប្រជុំលក្ខណៈអន្តរជាតិធំៗ បានឱ្យដឹងថា សមាជិកអាស៊ានទាំងអស់រៀងរាល់កិច្ចប្រជុំធំៗម្ដងតែងតែរួមដៃគ្នា បង្ហាញឱ្យពិភពលោកបានឃើញថា អាស៊ាន គឺជាសហគមន៍ធំមួយ ដែលមានប្រជាជនសរុបរហូតដល់ទៅជិត៧០០លាននាក់។ ការបង្ហាញពីលកុ្ខណៈពិសេសនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ក្នុងនាមជាអ្នកចូលរួមយកព័ត៌មាន និងសង្កេតនូវកិច្ចប្រជុំធំៗ លោក ពុយ គា បានបន្តឱ្យដឹងថា ចាប់តាំងពីចាប់កំណើតនៅឆ្នាំ១៩៦៧ អាស៊ានមានអាយុ៥៨ឆ្នាំហើយនៅឆ្នាំ២០២៥នេះ។ អាស៊ានមានសេដ្ឋកិច្ចធំលំដាប់ទី៥ក្នុងពិភពលោក ដោយមាន GDP ស្មើ ៣.៨ពាន់ពាន់លានដុល្លារ។ បច្ចុប្បន្នអាស៊ានទាំង១០បូកបញ្ចូលគ្នាក្លាយជាកម្លាំងយក្សមួយនៅក្នុងពិភពលោក ប៉ុន្តែប្រទេសអាស៊ាននីមួយៗសុទ្ធតែមានរបៀបវារៈនៃកិច្ចប្រជុំ និងផលប្រយោជន៍រៀងៗខ្លួន។
និយាយមួយបែប អាស៊ានតែងនិយាយល្អពីសមាគមនៃប្រជាជាតិទាំង១០ប្រទេសនេះ នៅចំពោះមុខអ្នកដទៃ រួមទាំងមហាអំណាចចិន និងអាម៉េរិកផងដើម្បីបង្ហាញពីសក្តានុពល និងឥទ្ធិពលរបស់ខ្លួន ក៏ប៉ុន្តែនៅពីក្រោយខ្នងក៏មានលាក់ទុកស្នាប់ដៃខ្លះដែរសម្រាប់អាស៊ានគ្នាឯង។ នេះគឺជាការបញ្ជាក់បន្ថែមពីលោក ពុយ គា។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖