(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកសរសេរសៀវភៅអាថ៌កំបាំងក្រៅឆាក ហើយបានចូលរួមកិច្ចប្រជុំផ្ទាល់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃទី១៨-១៩ ខែមករាកន្លងទៅ បានបង្ហាញពីលក្ខណៈពិសេសនៃធម្មជាតិនៅលើកោះ Langkawi ដែលម៉ាឡេស៊ី គ្រោងរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចំនួន៣២លើកនៅទីនោះ។ ការបង្ហាញពីលកុ្ខណៈពិសេសនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
បើតាមការបញ្ជាក់ពីលោក ពុយ គា ឆ្នាំ២០២៥នេះ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំណាក់ព័ន្ធ លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសថា ម៉ាឡេស៊ីគ្រោងនឹងរៀបចំកិច្ចប្រជុំដល់ទៅចំនួន៣៤២លើក ក្នុងនោះចំនួន៣២លើកគ្រោងនឹងធ្វើនៅលើកោះឡាំងកាវី (Langkawi) ដើម្បីជួយជំរុញវិស័យទេសចរណ៍នៅលើកោះមួយនេះ។
តើកោះ Langkawi មានអ្វីពិសេស? លោក ពុយ គា បានឱ្យដឹងថា Langkawi ជាឈ្មោះកោះមួយ ដែលនៅជាប់ព្រំដែនថៃភាគខាងត្បូង ហើយក៏មានឈ្មោះល្បីថាជាកោះដែលគេអនុញ្ញាតឱ្យលក់អីវ៉ាន់រួចពន្ធផងដែរ។ Lang ជាភាសាម៉ាឡេស៊ីប្រែមកថា «ឥន្រ្ទី» រីឯ Kawi ប្រែថា «ពណ៌ក្រហម ឬត្នោត» អ្នកខ្លះថាជាឈ្មោះថ្មនៅលើកោះនោះ។ ឡាំងកាវីមានសត្វឥន្រ្ទីរស់នៅប្រមាណ៥០០ក្បាល។
សត្វឥន្រ្ទីជារូបសញ្ញានៅលើកោះឡាំងកាវី (Langkawi) សត្វឥន្រ្ទីនេះហើយដែលបានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនទៅទស្សនាជារៀងរាល់ថ្ងៃ។ ជារៀងរាល់ថ្ងៃទូកទេសចរណ៍រាប់សិបគ្រឿងបានរង់ចាំភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយៗថ្ងៃ ដើម្បីទៅមើលល្អាងភ្នំក្រពើ ទៅមើលកសិដ្ឋានចិញ្ចឹមត្រីលើដៃសមុទ្រ និងហ្វូងសត្វឥន្រ្ទី។ សត្វឥន្រ្ទីនៅឡាំងកាវីមានសំណាងណាស់ គ្មានខ្វះចំណីឡើយ ព្រោះភ្ញៀវទេសចរច្រើន តែឥន្រ្ទីទាំងនោះក៏សមនឹងទទួលបានអាហារហូរហៀរបែបនេះដែរ ព្រោះពួកគេបានជួយដល់វិស័យទេសចរណ៍ដ៏ច្រើននៅលើកោះឡាំងកាវី ដែលមានប្រជាជនរស់នៅជាង១០ម៉ឺននាក់។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖