(បន្ទាយមានជ័យ)៖ លោក អ៊ុយ អាឡិចសង់ កូនបង្កើតរបស់លោក អ៊ុយ វំាងសង់ ជាម្ចាស់ដី ស្ថិតនៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញមកបញ្ជាក់ថា រឿងលោក មាស សាវឿន ចែកដីឱ្យប្រជាពលរដ្ឋ គឺជារឿងបោកប្រាស់។

នៅក្នុងលិខិតបំភ្លឺជាសាធារណៈមួយ លោក អ៊ុយ អាឡិចសង់ បានរំលឹកថា កាលពីអំឡុងឆ្នាំ២០២៤ លោក មាស សាវឿន លោក តេង ចាន់ភារម្យ លោក យឿន ម៉ោះ និងបក្ខពួក បានបំពានយកដីឪពុករបស់លោក​ក្នុង​ទំហំ​ជិត ១០ហិកតា និងបានចែកដីឱ្យប្រជាពលរដ្ឋបង្កើត ជារូបភាពចល​នាមហា​ជន។ ការចែកដីដែលមានតម្លៃថ្លៃ (ប្រហែល ៧០ដុល្លារ/១ម៉ែត្រការ៉េ) ឱ្យ​ប្រជា​​ពលរដ្ឋជាង ៣០គ្រួសារ ដោយគ្មានឯកសារសំអាង មិនមែនជាហេតុ​ផលមនុស្សធម៌ទេ។

ក្នុងលិខិតបំភ្លឺបានបន្ថែមថា បន្ទាប់ពីគ្រួសារលោក បានចុះទៅរុះរើសំណង់​ខុស​ច្បាប់ចេញពីទីតាំងដី ឥឡូវនេះក្រុមលោក មាស សាវឿន បានកៀរ​គរ​ប្រជាពលរដ្ឋជាថ្មីឡើងដល់៦២គ្រួសារ ហើយបានប្តឹងទៅ រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យ ទាមទារយកដីគ្រួសារលោក ដោយអះអាងថា​ជាដីដែល​លោក មាស សាវឿន ចែកឱ្យ។ កន្លងមក ពួកគេបានឱ្យប្រជាពលរដ្ឋធ្វើខ្ទម​មានជញ្ចាំង និងដំបូលបាំងស័ង្កសី (ផ្ទះហោះផ្ទះហើរ) ចំនួន៣លើក ដោយ​លើកចុងក្រោយនេះ លួចធ្វើផ្ទះហោះផ្ទះហើរទាំងយប់ ក្នុងថ្ងៃសៅរិ៍ ទី២៥ ខែមករា ឆ្នាំ២០២៥។

លោក អ៊ុយ អាឡិចសង់ បានរៀបរាប់ក្នុងលិខិតបំភ្លឺនោះទៀតថា ក្រុមលោក មាស សាវឿន បាន​ធ្វើសកម្មភាពរំលោភយកដីគ្រួសារលោក តាំងពីពាក់​កណ្តាលឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែគ្រួសារលោកមិនបានដឹងទេ ព្រោះក្រុម​គ្រួសារលោកទាំងអស់គ្នារស់នៅប្រទេសបារាំង មិនមានអ្នកនៅយាមដី​ឱ្យ​ទេ។ ដើមឆ្នាំ២០២៤ អាជ្ញាធរ បានធ្វើការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធនៅភូមិ​ចន្ទគិរី សង្កាត់ប៉ោយប៉ែត ហើយគ្រួសារលោកមិនបានដឹងទេ ព្រោះមិនធ្លាប់​ទាក់ទងអាជ្ញាធរ ហើយអាជ្ញាធរក៏មិនស្គាល់អាសយដ្ឋានដែរ។

ប្រហែលជាហេតុមិនឃើញមានម្ចាស់ដីទៅផ្តល់ព័ត៌មានចុះបញ្ជីដីជាប្រព័ន្ធ ទើបលោក មាស សាវឿន សហការជាមួយលោក តេង ចាន់ភារម្យ លោក យឿន ម៉ោះ និងបក្ខពួក ឆ្លៀតឱកាសទៅយកដីជិត១០ហិកតា ហើយបង្កើត​រូបភាពធ្វើជាចិត្តល្អ ចែកដីឱ្យប្រជាពលរដ្ឋ និងបានធ្វើផ្ទះហោះផ្ទះហើរលើ​ដី​ជា​ង៣ហិកតា ក្នុងបំណងយកប្រជាពលរដ្ឋជាខែលការពារ​ក្នុងទម្រង់​មហា​ជន។

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់លោក អ៊ុយ អាឡិចសង់៖