(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះជាជនចាស់ជរាចំនួន២៦គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ រួមនិងថវិការមួយចំនួនដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនពួកគាត់ផងដែរ ក្នុងការជួយសម្រាលនូវទុក្ខលំបាក បានមួយចំនួន ។
សកម្មភាពរបស់ថ្នាក់ដឹកនាំខណ្ឌឫស្សីកែវ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដោយមានការរួមដំណើរមន្ត្រីអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌ សង្កាត់ ក្រុមយុវជន ស.ស. យ.ក និងអ.ម.ត ជាច្រើននាក់ផងដែរ ។
លោក ជា ពិសី បានលើកឡើងពីបញ្ហាមួយចំនួន ទៅកាន់ប្រជាពលរដ្ឋថា ការចុះសួរសុខទុក្ខនេះគឺ មានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានយកអំណោយមកផ្ដល់ជូនក្នុងបំណងជួយសម្រាលបញ្ហាមួយចំនួនសម្រាប់ក្រុមគ្រួសារនីមួយៗ ហើយសម្តេចតែងតែគិតគូ ពីសុខទុករបស់ បងប្អូនប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាននូវទូទាំងប្រទេសកម្ពុជា។
លោកបានថ្លែងបន្ថែមទៀតថា «សំខាន់យើងទាំងអស់ គ្នាត្រូវចេះថែទាំសុខភាពឲ្យបានល្អដើម្បីជៀសវាងជំងឺឈឺថ្កាត់ផ្សេងៗ និងសម្រាប់អ្នកដែលមានវ័យ១៨ឆ្នាំ ឡើងទៅត្រូវនាំគ្នាទៅចុះឈ្មោះ ដើម្បីត្រៀមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ»។
លោកក៏បានបញ្ជាក់ថា ចំពោះអំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌនាំយកមកឧបត្ថម្ភនាពេលនេះក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម ម៉ី១កេស ត្រីខ១យួរស្មើ១០ប៉ុង ឃីត១ (មានម៊ុង១ ភួយ ១ សារ៉ុង១ ក្រម៉ា១)ធុងជ័រចំនួន១ ព្រមទាំងថវិការចំនួន៣ ម៉ឺនរៀលផងដែរ ៕