(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក សួស យ៉ារ៉ា បានបញ្ជាក់ថា អង្គសន្និបាតបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិ​បតី ហ៊ុន ម៉ាណែត ដែលរយៈពេល ១ឆ្នាំ៧ខែមកនេះ បានបង្កើតជាសមិទ្ធផលជាច្រើនលើសការរំពឹងទុក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបែបនេះ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអស់រយៈពេល ២ថ្ងៃ នៅវិមាន ៧មករា។

លោក សុខ ឥសាន បានថ្លែងថា នៅក្នុងរបាយការណ៍ពិស្តាររបស់សន្និបាត មានចំនួន២០ទំព័រ បានរំលេចចេញនូវស្នាដៃ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបន្តវេន មាននិរន្តរភាពពីរាជរដ្ឋាភិបាល នីតិកាលទី៦។

បើតាមលោក សុខ ឥសាន នៅក្នុងនេះឃើញថា៖

* ទី១៖ យើងបានបង្កើតកិត្យានុភាពជាតិរបស់កម្ពុជាលេចធ្លោនៅក្នុងពេលកន្លងទៅថ្មីៗនេះ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ហើយធ្វើជាប្រធានអង្គប្រជុំចំនួន៤ ថ្នាក់អន្តរជាតិ ហើយក្នុងនេះយើងបានវាយតម្លៃខ្ពស់អំពីការលេចធ្លោនៃកិត្យានុភាពជាតិ ទៅតាមរយៈសម្តេចប្រធានគណបក្ស ដែលមានមេដាយសន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី។

* ទី២៖ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានទទួលគ្រឿងឥស្សរិយយស ជាមេដឹកនាំឆ្នើមលើពិភពលោក។ នេះជាបញ្ហាមួយដែលកត់សម្គាល់ ដែលធ្វើឲ្យកិត្យានុភាពកម្ពុជាយើង មានការលេចត្រដែត ហើយអង្គសន្និបាតក៏មានការចាប់អារម្មណ៍ខ្ពស់។ ក្នុងនេះ យើងឃើញថា អង្គការសហប្រជាជាតិ នៅថ្ងៃទី១៩ ខែធ្នូ កន្លងទៅ បានវាយតម្លៃកម្ពុជាយើង ចាកចេញពីប្រទេសដែលមានចំណូលតិចតួច ឈានទៅរកប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០២៩។

លោក សុខ ឥសាន បានញ្ជាក់ថា «សន្និបាត បានវាយតម្លៃខ្ពស់ស្នាដៃការលេចឡើង ដែលដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជាឈាមថ្មីបន្តវេនអ្នកដឹកនាំជំនាន់មុន ហើយគឺថា រយៈពេលតែ ១ឆ្នាំ៧ខែទេ រាជរដ្ឋាភិបាល បានកសាង និងអភិវឌ្ឍប្រទេស មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ យើងឃើញថា ចំណូលរបស់ពលរដ្ឋយើង ឡើងពីជាង ២ពាន់ ទៅជិត ៤ពាន់ដុល្លារក្នុងម្នាក់ៗ។ នេះបញ្ជាក់ឲ្យឃើញថា មានការរីកចម្រើនខាងសេដ្ឋកិច្ច»

ជាមួយគ្នានេះ លោក សួស យ៉ារ៉ា បានថ្លែងថា អង្គសន្និបាតទាំងមូលមានទំនុកចិត្តប្រកបដោយមោទនភាព ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងរយៈពេលចូលកាន់តំណែង អាណត្តិទី៧ ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ហើយជាអ្នកដឹកនាំរាជរដ្ឋាភិបាល គឺបានដឹកនាំសេដ្ឋកិច្ចសង្គម ជាពិសេសការពង្រឹងនូវស្ថានភាពហិរញ្ញវត្ថុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុវត្ថិភាពសង្គម មានភាពរឹងមាំល្អ៕