(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងដំឡើងប្រាក់ឧបត្ថម្ភ ដល់ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ពី ពី៨១ម៉ឺនរៀល ទៅដល់៩៣ម៉ឺន៥ពាន់រៀល ហើយ ប្រាក់ឧបត្ថម្ភសម្រាប់ក្រមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវដំឡើងពី ៦៥ម៉ឺនរៀល ដល់៧៥ម៉ឺនរៀល។
ក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភមេឃុំ ចៅសង្កាត់ នឹងត្រូវដំឡើងពី៧៥ម៉ឺនរៀល ដល់៨៨ម៉ឺនរៀល ហើយក៏មានការប្រកាសតំឡើង ប្រាក់ឧបត្ថម្ភ ដល់ ជំទប់ទី១ ទី២ បៅសង្កាត់ទី១ ចៅសង្កាត់ទី២ ពី៥៥ម៉ឺនរៀល ដល់ ៦៥ម៉ឺនរៀល ហើយប្រាក់ឧបត្ថម្ភសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងដំឡើងពី ៤៨ម៉ឺនរៀល ដល់៥៧ម៉ឺនរៀល។
ប្រាក់ឧបត្ថម្ភប្រធានភូមិ នឹងត្រូវដំឡើងពី២០ម៉ឺនរៀល ដល់២២ម៉ឺន៥ពាន់រៀល និងប្រាក់ឧបត្ថម្ភជំនួយការភូមិ តំឡើងពី ១៦ម៉ឺនរៀល ដល់១៨ម៉ឺន និងប្រាក់ឧបត្ថម្ភ សមាជិកភូមិ នឹងត្រូវតំឡើងពី១៤ម៉ឺនរៀល ដល់១៦ម៉ឺនរៀល។
ការប្រកាសដំឡើងប្រាក់ឧបត្ថម្ភដល់មន្រ្តីរាជរដ្ឋាភិបាលក្នុងមុខដំណែងខាងលើនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំទីស្តីការគណ:រដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕