(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយយុវជនបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺកើតចេញពីការ​បោះឆ្នោត​​របស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ហើយមិនមែនជារាជរដ្ឋាភិបាលរបស់ត្រកូលណាមួយទេ គឺជារាជរដ្ឋាភិបាលរបស់ប្រជាជនកម្ពុជាតែម្តង។

លោក សុខ ឥសាន បានថ្លែងបញ្ជាក់ដូចនេះ នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសន្និបាតរយៈពេល ២ថ្ងៃរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ កើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាជាង៨៣% ដែលមានការជឿទុកចិត្ត​លើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អីចឹងគឺជារាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតនេះគឺជារាជរដ្ឋាភិបាលរបស់​គណបក្សប្រជាជនកម្ពុជា»

ការពន្យល់របស់ លោក សុខ ឥសាន ជាការឆ្លើយតបនឹងការវាយប្រហារចោទប្រកាន់របស់ លោក សម រង្ស៉ី និងក្រុមប្រឆាំងមួយចំនួនចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ និងត្រកូល «ហ៊ុន»

លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ មិនមែន​ដូចការឃោសនា​របស់មជ្ឈដ្ឋានប្រឆាំងនានា ដែលថាជារាជរដ្ឋាភិបាលរបស់ត្រកូលណាមួយនោះទេ។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ ដោយមានប្រជាពលរដ្ឋប្រមាណ ៨៤.៥៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាននាក់ បានអញ្ជើញទៅបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រច្រើនលើសលុប និងដឹកនាំរដ្ឋសភាទាំងមូល។

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ជាការបោះឆ្នោតមួយដែលមានអត្រាអ្នកទៅបោះឆ្នោត និងអ្នកសង្កេតការបោះឆ្នោតជាតិ និងអន្តរជាត