Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជា៖ ទោះបីជាជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយជោគជ័យ (Video inside)

26-01-2025 19:55

(ភ្នំពេញ)៖ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជា រាជរដ្ឋាភិបាលបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយជោគជ័យ។ នេះបើតាមសេចក្តីប្រកាសអំពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

សន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងរយៈពេល២ថ្ងៃ នាថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិ​បតីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុ ប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។

ក្នុងសេចក្ដីប្រកាសលទ្ធផល បានឲ្យដឹងថា «ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានឆ្លើយតប ទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន»

ក្នុងសេចក្ដីប្រកាសដដែល បានបន្ថែមទៀតថា ជាក់ស្តែងសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដីត្រូវបានរក្សា ការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ ប្រជាជន។ ជាមួយនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានាកាន់តែត្រូវបានពង្រឹង និងពង្រីកឡើង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលសន្និបាត នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សន្និបាតបានវាយតម្លៃខ្ពស់ អំពីស្នាដៃលេចឡើង ដែលដឹកនាំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលជាឈាមថ្មីបន្ដវេន ពីអ្នកដឹកនាំជំនាន់មុន ហើយក្នុងរយៈពេលតែ១ឆ្នាំ៧ខែ រាជរដ្ឋាភិបាល បានកសាង និងអភិវឌ្ឍប្រទេស មានការរីកចម្រើនគួរឲ្យកត់សម្គាល់៕