(ភ្នំពេញ)៖ ជ្រូកខ្វៃ មាន់ ទា ជាអាហារចាំបាច់សម្រាប់ពិធីសែនព្រេន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន របស់ប្រជាជនចិន ក៏ដូចជាបងប្អូនខ្មែរជាប់សែស្រឡាយចិន ដែលរស់នៅលើទឹកដីកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត។ នៅឆ្នាំនេះក្រុមអាជីវករលក់ជ្រូកខ្វៃ បានលើកឡើងពីតម្លៃជ្រូករស់ហាក់កើនឡើងជាងឆ្នាំ២០២៤ ខណៈដែលការជាវទិញនៅរក្សាដដែល។
នៅឆ្នាំ២០២៥នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩, ៣០ និង៣១ ខែមករា ឆ្នាំ២០២៥។
អាជីវករលក់ជ្រូកខ្វៃ អ្នកស្រី លឹម លីឈៀង បានលើកឡើងថា ជាធម្មតាមុនពិធីបុណ្យចូលឆ្នាំចិនមកដល់ អ្នកស្រីត្រូវត្រៀមជ្រូកសម្រាប់ខ្វៃឱ្យបានមុន ដើម្បីផ្គត់ផ្កង់ទៅអតិថិជនឱ្យបានទាន់ពេលវេលា និងគ្រប់គ្រាន់។
អ្នកស្រីបានបន្តថា សម្រាប់ជ្រូកដែលអ្នកស្រីយកមកខ្វៃ គឺបានប្រមូលទិញពីកសិដ្ឋាននៅក្នុងស្រុក ដែលភាគច្រើនមកពីមណ្ឌលគិរី រតនគិរីជាអាទិ៍ ហើយការផ្គត់ផ្គង់ជ្រូកខ្វៃរបស់អ្នកស្រីមិនមានថមថយនោះទេ ប៉ុន្តែតម្លៃជ្រូកនៅក្នុងឆ្នាំនេះហាក់មានការកើនឡើងបន្តិច។
ជាមួយគ្នានេះ អ្នកស្រី សេង រ៉ា អាជីវករលក់ជ្រូកខ្វៃមួយរូបដែរ បានមានប្រសាសន៍ថា តម្រូវការជ្រូកខ្វៃនៅក្នុងឆ្នាំនេះនឹងមិនមានការកើនឡើងច្រើននោះទេ អាចមកពីបញ្ហាសេដ្ឋកិច្ចផង ឬអាស្រ័យទៅតាមតម្រូវការរបស់អតិថិជនផងដែរ។
អ្នកស្រី បានបន្តថា សម្រាប់ការផ្គត់ផ្គង់ជាប្រចាំតែម្ដង ថ្ងៃខ្លះអាចលក់បានដល់តៅ១០ក្បាល ប៉ុន្តែថ្ងៃខ្លះអាចបានត្រឹមតែ ២ឬ៣ក្បាលប៉ុណ្ណោះ។ អ្នកស្រី សេង រ៉ា ក៏បានប្រាប់ពីការច្នៃជ្រូកខ្វៃទៅជាមុខម្ហូបផ្សេងៗ ដែលអាចបង្កើនឱជាតិរសរបស់ជ្រូកខ្វៃបន្ថែមទៀត។
អាជីវករលក់ជ្រូកខ្វៃមួយរូបទៀត ដែលមានឈ្មោះហៅក្រៅថា ចែ ដា បានលើកឡើងដូចនឹងអាជីវករផ្សេងទៀតថា តម្លៃជ្រូកនៅក្នុងឆ្នាំ២០២៤ នៅសមរម្យជាងក្នុងឆ្នាំ២០២៥ ដែលតម្លៃជ្រូករស់កើន។ អាជីវកររូបនេះ បានបន្តថា មូលហេតុនៃការលើកថ្លៃ អាចដោយសារការចិញ្ចឹមនៅក្នុងស្រុកហាក់មានការថមថយ។
យ៉ាងណាមិញ ម្ចាស់អាជីវកម្មលក់ជ្រូកខ្វៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នអំឡុងពេលទៅដំណើរទៅសែនចូលឆ្នាំចិន ទាំងទីជិត និងទីឆ្ងាយ និងជៀសវាងការបើកបរដោយស្ថានភាពស្រវឹងផងដែរ៕