(ភ្នំពេញ)៖ អ្នកជំនាញកសិកម្មលើកទឹកចិត្តកសិករឱ្យចេះកែច្នៃកសិផលលក្ខណៈគ្រួសារ ដើម្បីធ្វើឱ្យផលិតផលកាន់តែមានទីផ្សារ មានតម្លៃបន្ថែមជាងផលិតផលស្រស់ និងជៀសវាងការសល់ចោល នៅពេលគ្មានទីផ្សារ។

នៅពេលកសិករ អាចកែច្នៃកសិផលដែលខ្លួនផលិតបាន បើទោះបីជាមិនអាចនាំចេញទីផ្សារក្រៅប្រទេសក៏ដោយ តែយ៉ាងហោចណាស់ ក៏អាចផ្គត់ផ្គង់ក្នុងស្រុក និងប្រកួតប្រជែងជាមួយផលិតផលនាំចូលពីប្រទេសជិតខាង។

លោក តូច ចំរើន ប្រធានកម្មវិធីនៃសមាគមនិរន្តរភាពដី ដើម្បីជីវីតបានកត់សម្គាល់ថា ដោយសារតែទំនិញនាំចូលពីក្រៅប្រទេសមានការប្រកួតប្រជែងច្រើន កសិករមួយចំនួនបានចាប់ផ្តើមមានគំនិតក្នុងការកែច្នៃកសិផលខ្លះៗដែលខ្លួនផលិតបាន បើទោះបីជាការកែច្នៃនោះនៅមានកម្រិតក៏ដោយ។

ប៉ុន្តៃយ៉ាងនេះក្តីដើម្បីជំរុញការកែច្នៃកសិផល កន្លងមកសមាគមនិរន្តរភាពដី ដើម្បីជីវីត ក៏បានជួយគាំទ្រលើធាតុចូលមួយចំនួន និងបច្ចេកទេស ដើម្បីជំរុញឱ្យការផលិតកែច្នៃរបស់កសិករ កាន់តែល្អប្រសើរ ទុកដាក់បានយូរដោយមិនប្រើសារធាតុគីមី និងថ្នាំពុល ដែលធ្វើឱ្យចំណីអាហារកែច្នៃទាំងនោះ មានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

លោកបានឱ្យដឹងថា កន្លងមកសមាគមនិរន្តរភាពដី ដើម្បីជីវីត បានគាំទ្រលើការកែច្នៃផលិតផល រួមមានម្ស៉ៅខ្ញី ម្ស៉ៅរមៀត ឬទឹកផ្លៃឈើ និងដំណាំផ្លែឈើ ដែលច្នៃចេញពីផ្លែស្វាយ ចេក ឬមៀនជាដើម ខណៈដែលកន្លងមក កសិករមួយចំនួនតែងតែត្អូញត្អែរថាផលិតផលទាំងនេះគ្មានទីផ្សារ និងសល់ចោលនៅលើដើម។ ដូច្នេះហើយ ប្រសិនបើកសិករចេះតែកែច្នៃលក្ខណៈគ្រួសារ នោះកសិផលទាំងនោះ នឹងអាចរក្សាទុកបានយូរ ព្រមទាំងអាចដាក់លក់នៅក្នុងទីផ្សារក្នុងទីផ្សារក្នុងតម្លៃសមរម្យបាន ជៀសវាងការលក់មិនចេញហើយទុកឱ្យខូចចោល ពោលគឺត្រូវកែច្នៃឱ្យអស់លទ្ធភាព។

កសិករមួយរូបមកពីសិប្បកម្មម៉ាន ហៃយ៉ាត់ ម្សៅត្រីល្អិត ដែលកែច្នៃត្រីល្អិត ជាមួយបន្លែសម្រាប់បំពេញអាហារូបត្ថម្ភកុមារ បានឱ្យដឹងថា បន្ទាប់ពីទទួលបានការគាំទ្រ និងបណ្តុះបណ្តាលបច្ចេកកែច្នៃកសិផលពីបណ្តាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានធ្វើឱ្យផលិតផលរបស់អ្នកស្រីលក់បានតម្លៃខ្ពស់ជាងមុន និងអាចរក្សាទុកបាន មិនប្រឈមមុខនឹងការសល់ចោលទៀត៕