(ព្រះសីហនុ)៖ ក្លឹបវាយសីតោ២ បានបើកពិធីការប្រកួតមិត្តភាពដើម្បីស្វែងរកជើងខ្លាំងទទួលជ័យលាភី លើកទី១ ក្រោមអធិបតីភាព លោកឧកញ៉ា តាន់ តាត់ មានការចូលរួមពីគណ:កម្មការរៀបចំការប្រកួតវាយសីមិត្តភាព សប្បុរសធម៌ កីឡាករ កីឡាការនី ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករ។

ពិធីនេះធ្វើឡើងក្រោមការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាច្រើនក្រុម និងអស់រយៈពេល១ថ្ងៃពេញ គឺចាប់ពីព្រឹកដល់ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

បើតាមរបាយការណ៍របស់លោក អ៊ុង រតន: ម្ចាស់ក្លឹបវាយសីតោ២ សមាសភាពកីឡាករចូលរួមប្រកួតមានចំនួន៨៦នាក់ ចែកចេញជា៣ពូល៖
-ពូលA មាន៩គូ ស្មើរ១៨នាក់
-ពូលB មាន១៦គូ ស្មើរ៣២នាក់
-ពូលC មាន១៨គូ ៣៦នាក់។

ក្រោយប្រកួតប្រជែងយ៉ាងស្វិតស្វាញប្រកបដោយភាពរីករាយ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបានអស់រយៈពេលមួយថ្ងៃពេញនោះ ពូលទាំង៣គឺទទួលបានរង្វាន់ និងការឧបត្ថមជាទីគាប់ចិត្តទៅតាមលេខរៀង ពោលគឺពូលទាំង៣គិតត្រឹមចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ចំណែកឯកីឡាករផ្សេងៗទៀតក៏ទទួលបានមេដៃលើកទឹកចិត្តផង។

យ៉ាងណាមិញ ពិធីការប្រកួតមិត្តភាពក្លឹបវាយសីតោ២ លើកទី១ ប្រារព្ធធ្វើឡើងទៅដោយរលូនក៏មានការយកចិត្តទុកដាក់ឧបត្ថមពីឧកញ៉ា តាន់ តាត់ និងសប្បុរសធម៌នៅក្នុងខេត្តព្រះសីហនុជាច្រើនរូប រួមមានជាថវិការ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។

គូសជម្រាប់ជូនដែរថា កីឡាវាយសីមិនត្រឹមតែជ ប្រភេទកីឡា ដែលងាយស្រួលលេង ជួយបង្កើនសកម្មភាពសប្បាយៗក្នុងសហគមន៍ប៉ុណ្ណោះទេ តែកីឡាប្រភេទនេះ ក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់រាងកាយផងដែរ អាចនិយាយបានថា៖ ពង្រឹងកាយសម្បទា, អភិវឌ្ឍសមត្ថភាពដើម្បីទៅលេងកីឡាផ្សេងៗទៀត, ពង្រឹងសុខភាពផ្លូវ, ទំនាក់ទំនងក្នុងសង្គម, ល្អសម្រាប់សុខភាពគ្រប់ផ្នែក, តាមរយៈការបញ្ចេញថាមពលរាល់គ្រប់ទម្រង់នៃរាងកាយ កីឡាវាយសីអាចកាត់បន្ថយ ឬក៏លុបបំបាត់ហានិភ័យបញ្ហាសុខភាពនានា ដូចជាសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់ ជាពិសេសនាំយើងអោយជៀសឆ្ងាយពីល្បែងស៊ីសង ស្រារ គ្រឿងញៀន ក្មេងទំនើង ដែលសុទ្ធតែជាអំពើសង្គមស្អប់ស្ពើម៕