(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp សម្រាប់ទំនាក់ទំនងគ្នាក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។
ការប្រកាសរបស់សម្តេចតេជោ ឱ្យមានចលនាប្រើប្រាស់បណ្តាញសង្គម CoolApp នេះ បានធ្វើឡើងនៅក្នុង សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «CoolApp ងាយស្រួលប្រើ ថ្ងៃមុនខ្ញុំបានផ្ញើសារ Forward មានទាំងរូបភាព និងវិដេអូជាង១០០រូប ទៅកាន់មនុស្ស៤២នាក់ ដើររលឿនតែម្តង ប៉ុន្តែ CoolApp យើងអាចផ្ញើដល់មនុស្ស៥០នាក់ឯណោះ ! ដោយឡែកពេល Call និយាយតាម CoolApp ប្រើអ៉ិនធើណែតតិច ហើយច្បាស់ ដូច្នេះមន្រ្តីបក្សរបស់យើងនាំគ្នារបស់ខ្មែរយើង និងបង្កើត Group ដើម្បីទំនាក់ទំនងគ្នា !»
សូមជំរាបថា CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឲ្យដឹងថា រហូតដល់ពេលនេះ ចាប់តាំងពីដាក់ឱ្យដំណើរការរយៈពេលប្រមាណជាង៦ខែមកនេះ កម្មវិធី CoolApp ត្រូវបានទាញយកប្រមាណជិត៤០ម៉ឺននាក់ហើយ ខណៈ CoolApp មិនបានតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត៕