(បាត់ដំបង)៖ គ្រឿងញៀនសរុប២១៣គីឡូក្រាម ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបានជាមួយនឹងចាប់ខ្លួនក្រុមឧក្រិដ្ឋជនដែលសុទ្ធតែជាមេក្លោង និងបណ្ដាញចែកចាយ សរុបចំនួន១១នាក់ជាបន្ដបន្ទាប់។
របាយការណ៍របស់កងរាជអាវុធហត្ថ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ផ្អែកតាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា ជំហ៊ានដំបូងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមមាន ទី១៖ឈ្មោះ ញឹប សាណី អាយុ៣២ឆ្នាំ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ទី២៖ឈ្មោះ វិន ផាន់និ ហៅឃីម អាយុ២២ឆ្នាំ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី៣៖ឈ្មោះ សុខ វ៉ាន់ដា ហៅទ្រូ អាយុ២៥ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន២ កញ្ចប់ ទម្ងន់១០.៦៨ក្រាម។
ក្រោយពេលសួរចម្លើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត កម្លាំងបានចុះប្រត្តិបត្តការដល់លំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន៨នាក់ទៀត ក្នុងនោះរួមមាន៖
ទី១៖ឈ្មោះ វី វិនហាយ អាយុ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ, ទី២៖ឈ្មោះ មួង ឌី អាយុ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ, ទី៣៖ឈ្មោះ សន បញ្ញា អាយុ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ, ទី៤៖ឈ្មោះ រុំ សុវណ្ណ អាយុ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ, ទី៥៖ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ), ទី៦៖ឈ្មោះ សុច ចរិយា ភេទស្រី អាយុ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី), ទី៧៖ឈ្មោះ រដ្ឋ ចន្ថា អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និងទី៨៖ឈ្មោះ ឡឹប លីដា ហៅអឹក អាយុ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពេលនេះ កម្លាំងជំនាញបានពន្លាតដែនដីចាប់ខ្លួននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន២១៣ដុំ ទម្ងន់ប្រមាណ២១៣គីឡូក្រាម ដូចខាងក្រោម៖
គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន៦៩ដុំ ទម្ងន់ប្រមាណ៦៩គីឡូក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន៤៤ដុំ ទម្ងន់ប្រមាណ៤៤គីឡូក្រាម, គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន១០០ដុំ ទម្ងន់ប្រមាណ១០០គីឡូក្រាម, អាវុធ អាកា ៤៧ ចំនួន២ដើម បង់ចំនួន២ គ្រាប់ចំនួន១៣គ្រាប់, អាវុធខ្លី កា៥៤ ចំនួន១ដើម (គ្មានគ្រាប់) និងរថយន្ត ចំនួន២គ្រឿង។
បច្ចុប្បន្នកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕