(ត្បូងឃ្មុំ)៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពយកខ្សែភ្លើងរឹតក និងវាយជនរងគ្រោះឈ្មោះ មាស មករា អាយុ៣២ឆ្នាំ ជាអ្នករត់តាក់ស៊ី ដើម្បីប្លន់យករថយន្ត០១គ្រឿងម៉ាក TOYOTA PRUIS ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1033 បានសម្រេច រួចយកទៅផ្លុងចោលនៅក្បែរទីតាំងកើតហេតុ (ដោយសារគ្មានសោ) ហើយរត់គេចខ្លួនបាត់។

ហេយុការណ៍នេះកើតឡើងនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសុំកិច្ចសហការជាមួយនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣៖១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យខាងលើមានឈ្មោះ ស៊ុយ ដុល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី ចំពោះរថយន្តខាងលើ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ៕