Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីពន្ធនាគារ​ខេត្តរតនគិរី រងការ​រិះគន់ថា ជម្រិត​ទារលុយ ពីសាច់ញាតិ​ដែល​ទៅសួរសុខ​ទុក្ខពិរុទ្ធជន​

21-10-2016 11:07

(រតនគិរី)៖ បើតាមសាច់ញាតិពិរុទ្ធជន បានធ្វើការរិះគន់មន្ត្រីពន្ធនាគារ ខេត្តរតនគិរីថា បានជម្រិតទារលុយពីពួកគាត់ខណៈទៅសួរសុខទុក្ខ និងយកចំណីអាហារយកទៅ ឲ្យសាច់ញាតិរបស់ពួកគេ ដែលកំពុងជាប់ឃុំឃាំង។ ប្រជាពលរដ្ឋទាំងនេះ បាននិយាយថា ថ្ងៃធម្មតាគឺមន្រ្តីអនុរក្សយក ៣ម៉ឺនរៀល ទៅ៥ម៉ឺនរៀល តែសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ យកពី ៥ពាន់រៀលទៅ ១ម៉ឺនរៀល(សម្រាប់ម្នាក់)។

ប្រភពព័ត៌មានដដែលខាងលើ ប្រាប់បន្តទៀតថាពិរុទ្ធជនទោសធ្ងន់ ស្នាក់នៅបន្ទប់ដោយឡែកហើយ បើចង់ផ្ទេរមកស្នាក់ នៅជាមួយពិរុទ្ធជនទោសស្រាលពោល គឺជិតមានសេរីភាពវិញ ត្រូវចំណាយលុយយ៉ាងក្រាស់ក្រែល។ ប្រជាពលរដ្ឋទាំងនេះ សូមជម្រាបជូនដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ មេត្តាជ្រាបជាព័ត៌មានផង និងមានចំណាត់ការដល់កូនចៅរបស់ខ្លួន។

ទាក់ទងទៅនិងករណីរិះគន់ខាងលើនេះដែរ អង្គភាព Fresh News ក៏បានព្យាយាមទូរស័ព្ទចូលជាច្រើនដង ដើម្បីសុំការបំភ្លឺពី លោក ទិន សុវណ្ណី ប្រធានពន្ធនាគារខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ប៉ុន្តែគ្មានអ្នកទទួលសោះ៕