(ភ្នំពេញ)៖ ក្មេងទំនើង៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងបានអនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាការលើក្រុមដែលមានបទល្មើស និងអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមមិនមានបទល្មើស ប្រកបដោយភាពម៉ឹងម៉ាត់បំផុត។

របាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ទី១៖ឈ្មោះ វង់ ចំរើន អាយុ២៥ឆ្នាំ, ទី២៖ឈ្មោះ ខន រិទ្ធិ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ វង្ស ចំរើន អាយុ២៥ឆ្នាំ, ទី៤៖ឈ្មោះ អេង កុសល អាយុ២០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យចុះអន្តរាគមន៍ឃាត់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខណៈក្រុមនេះ ចេញពីក្លឹបកម្សាន្ដមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយទាស់ពាក្យសម្តីដាក់គ្នាកើតជាអំពើហិង្សា និងត្រូវបានបញ្ជូនទៅតុលាការក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ទី៥៖ឈ្មោះ ឈ្មោះ និត វឌ្ឍនា អាយុ១៤ឆ្នាំ, ទី៦៖ឈ្មោះ ម៉ៅ ដារ៉ូ អាយុ១៥ឆ្នាំ, ទី៧៖ឈ្មោះ ប៉ូច សុវណ្ណចិត្ត្រា អាយុ១៥ឆ្នាំ, ទី៨៖ ឈ្មោះ ណំ សុវណ្ណឧត្តម អាយុ១៥ឆ្នាំ និងទី៩៖ឈ្មោះ បុល ពេញបូណ៍មី អាយុ១៣ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ ធ្វើការបង្រ្កាបក្នុងយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ខណៈពួកគេកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ និងត្រូវបានដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា «ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ» ព្រមទាំងដកហូតម៉ូតូ៤គ្រឿង រក្សាទុក៣ខែផងដែរ។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕