(ភ្នំពេញ)៖ បរិយាកាសរីករាយនៅមុនពិធីបុណ្យចូលឆ្នាំចិន បានប្រែក្លាយជាសោកនាដកម្មក្នុងសប្តាហ៍នេះ ខណៈដែលការប្រជ្រៀតគ្នាទៅយកអំណោយក្នុងអាំងប៉ាវចំនួន ៤0,000រៀល និងអង្ករ ២គីឡូក្រាម បានឆក់យកជីវិតប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់និង ៥នាក់ផ្សេងទៀតរងរបួស។ ក្រុមធ្វើនយោបាយជ្រុលនិយម បានឆ្លៀតឱកាសប្រើប្រាស់សោកនាដកម្មនោះ ធ្វើអាជីវកម្មនយោបាយដោយមិន មានភាពអៀនខ្មាសឡើយ។ Fresh Exclusive មានសេចក្តីរាយការណ៍នេះ៖

បរិយាកាសរីករាយនៃការចែកអំណោយមុនពិធីបុណ្យចូលឆ្នាំចិន បានប្រែក្លាយជាសោកនាដកម្មក្នុងសប្តាហ៍នេះ ខណៈដែលការប្រជ្រៀតគ្នាទៅយកអំណោយក្នុងអាំងប៉ាវចំនួន ៤0,000រៀល និងអង្ករ ២គីឡូក្រាម បានឆក់យកជីវិតប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់និង ៥នាក់ផ្សេងទៀតរងរបួស។ ឧបទ្ទវហេតុនេះ គឺជាសោកនាដកម្មមួយ និងជាលើកដំបូងដែលការស្លាប់និងរបួសបានកើតឡើងលើប្រពៃណីដែលមានន័យថាជានិមិត្តរូបនៃសុច្ឆន្ទៈភាពរុងរឿងនិងការចែករំលែក។

ទំនៀមទម្លាប់ចែកអាំងប៉ាវ ឬស្រោមសំបុត្រក្រហមជាផ្នែកមួយដ៏មានតម្លៃនៃពិធីបុណ្យចូលឆ្នាំចិន។ គ្រួសារអ្នកមានស្តុកស្តម្ភ តែងធ្វើនូវទង្វើសប្បុរសធម៌នេះ ជារៀងរាល់ឆ្នាំដែលជាកាយវិការនៃសេចក្តីសប្បុរស និងសុច្ឆន្ទៈ ប៉ុន្តែក្នុងហេតុការណ៍មួយដែលបានកើតឡើងនាថ្ងៃទី២៣ មករា ឆ្នាំ២០២៥ នាបរិវេណអ្នកឧកញ៉ា សុខ គង់ ក្នុងរាជធានីភ្នំពេញ ការប្រជ្រៀតគ្នាយកអាំងប៉ាវ ស្រាប់តែមានហេតុការណ៍ដ៏សោកសៅនេះកើតឡើង។ ប៉ុន្តែខណៈមនុស្សនានាទាំងឡាយ បានសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍នេះ ក្រុមធ្វើនយោបាយជ្រុលនិយម បានឆ្លៀតយកសោកនាដកម្មនោះ ធ្វើអាជីវកម្មនយោបាយ។

* ហេតុអ្វីបានជាកាយវិការមនុស្សធម៌ ត្រូវបានគេចោទជាផ្លូវមិនល្អ?

សប្បុរសធម៌គឺជាទង្វើដ៏ថ្លៃថ្លា ប៉ុន្តែនៅពេលដែលទង្វើនោះ ត្រូវបានប្រតិបត្តិមិនបានល្អ វាអាចប្រែទៅជាទស្សនីយភាពដ៏គ្រោះថ្នាក់។ កង្វះនៃការធ្វើផែនការ និងការត្រួតពិនិត្យក្នុងករណីនេះ គឺជាប្រការដែលនាំមកនូវហេតុការណ៍សោកនាដកម្មនេះ និងក៏ជាមេរៀនដែលម្ចាស់ជំនួយនានា ត្រូវគិតគូរឱ្យបានហ្មត់ចត់ មុននឹងរៀបចំទង្វើផ្តល់ជំនួយសប្បុរសធម៌របស់ខ្លួន ដល់មនុស្សទាំងឡាយពីព្រោះសំណួរមួយបានចោទមកវិញថា ហេតុអ្វីបានជាកាយវិការ មនុស្សធម៌ក្នុងអំពើល្អ បែរជាត្រូវរងការចោទថាជាអំពើមិនល្អទៅវិញ?

អ្នកឧកញ៉ា សុខ គង់ និងក្រុមគ្រួសារត្រូវគេស្គាល់ថា តែងធ្វើនូវទង្វើសប្បុរសធម៌នេះ ជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ហើយទង្វើរបស់លោក និងក្រុមគ្រួសារតែងទទួលបានការកោតសរសើរ និងការកោតគោរពពីពលរដ្ឋដែលទទួលបានអាំងប៉ាវនេះជារៀងរាល់ឆ្នាំ។ ទង្វើសប្បុរសធម៌របស់អ្នកឧកញ៉ា និងក្រុមគ្រួសារ តែឆ្លាក់ទុកក្នុងបេះដូងរបស់ពលរដ្ឋ មិនដែលមានភាពថ្នាំងថ្នាក់អ្វីកើតឡើងឡើយ។ ប៉ុន្តែក្រុមជ្រុលនិយម បែរជាយកចំណេញក្នុងហេតុការណ៍ដែលកើតឡើងក្នុងឆ្នាំ២០២៥នេះ។

មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលតែងធ្វើអាជីវកម្មនយោបាយលើព្រឹត្តិការណ៍នានា បានចោទថា ការដែលមានមនុស្សស្លាប់ គឺដោយសារតែមានអំពើលួចលុយជាតិបង្កើតភាពក្រីក្រ ដែលធ្វើឱ្យប្រជាជនជាន់គ្នាស្លាប់ដោយសារតែអាំងប៉ាវ។ សម្តីចោទប្រកាន់គ្មានការពិតនេះ គឺជាការធ្វើអាជីវកម្មនយោបាយថ្មីមួយទៀត លើគំនរទុក្ខរបស់អ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ដែលមិននឹកស្មានកើតឡើងបែបនេះ។

* មេរៀនដែលត្រូវរៀន

សោកនាដកម្មនេះ បានក្លាយការរំឭកយ៉ាងមុតមាំថា ចេតនាល្អតែមួយមិនគ្រប់គ្រាន់ឡើយ។ សប្បុរសធម៌ ត្រូវតែអមដោយការទទួលខុសត្រូវ។ ម្ចាស់ជំនួយត្រូវតែធានាថាអំពើសប្បុរសរបស់ពួកគេមិនធ្វើឱ្យជីវិតមានគ្រោះថ្នាក់ដោយអចេតនាឡើយ។ ចំណែកសហគមន៍ក៏ត្រូវតែចូលរួមចំណែករបស់ខ្លួន ដោយការលើកកម្ពស់វប្បធម៌នៃភាពអត់ធ្មត់ និងការគោរព ពីព្រោះការស្តីបន្ទោស មិនមែនជាដំណោះស្រាយទេ នៅពេលដែលគេបានមើលឃើញដោយផ្ទាល់ភ្នែកហើយថា អ្នកដែលចំណេញនោះ មានតែក្រុមឆ្លៀតយកសោកនាដកម្មអ្នកបាត់បង់ជីវិត ទៅធ្វើអាជីវកម្មនយោបាយតែប៉ុណ្ណោះ។ នេះជាអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងក្រៅប្រទេសតែងនិយាយជម្រុញ និងញុះញង់ចង់ឱ្យមានសោកនាដកម្មទាំងឡាយកើតទៅលើពលរដ្ឋខ្មែរទាំងឡាយ ដើម្បីពួកគេអាចចំណេញបាននូវការធ្វើអាជីវកម្មនយោបាយ។

* យើងត្រូវសម្លឹងឆ្ពោះទៅមុខ

ការបាត់បង់ជីវិតមនុស្ស៤នាក់ និងរបួស៥នាក់ក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអាំងប៉ាវនេះ គឺជាមេរៀន ដែលមិនត្រូវឱ្យមានកើតឡើងម្តងទៀតឡើយ។ ក្នុងការជួយរំលែកទុក្ខដល់ក្រុមគ្រួសារអ្នករងគ្រោះ អ្នកឧកញ៉ា សុខ គង់ និងក្រុមគ្រួសារ បានជួយឧបត្ថម្ភសពចំនួន ៦,០០០ដុល្លារដល់គ្រួសារ បាត់បង់ជីវិត និងឧបត្ថម្ភអ្នករងរបួសម្នាក់ៗចំនួន ៤លានរៀលដែលស្មើនឹង ១,០០០ដុល្លារ។

កម្ពុជា បានធ្វើដំណើរដ៏វែងឆ្ងាយរបស់ខ្លួនរួចមកហើយចេញពីភាពខ្មៅងងឹតនៃសង្គ្រាម ខណៈក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី នៅតែបន្តគំរាមកំហែងចង់ឱ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីឡើងវិញ។ ហេតុដូច្នេះហើយ បានជាមេខ្លោងក្រុមជ្រុលនិយមនោះ តែងប្រើសម្តីញុះញង់ ឈ្នានីសចង់ឱ្យតែប្រទេសខ្មែរដែលមានសន្តិភាព ធ្លាក់ចូលក្នុងសង្គ្រាមវិញតែប៉ុណ្ណោះ។ ដើម្បីចង់ឱ្យឧបាយកលរបស់ខ្លួនក្នុងការធ្វើឱ្យប្រទេសរងវិបត្តិ និងចលាចលនោះ, ទណ្ឌិត សម រង្ស៊ី ពីមួយថ្ងៃទៅមួយថ្ងៃ តែងដើរប្រមូលស្វែងរកព្រឹត្តិការណ៍នានាគ្រប់សព្វទាំងឡាយ មិនថារឿងនោះជារឿងសោកនាដកម្ម, ជារឿងអំពើបាញ់ប្រហារ ឬការឡើងកាន់តំណែងរបស់មេដឹកនាំបរទេសណាក៏ដោយ ដែលពួកគេគិតថាអាចចំណេញក្នុងរឿងនយោបាយ តែងក្លាយជារឿងដែលមេខ្លោងរូបនោះ យកមកធ្វើអាជីវកម្មនយោបាយមិនដែលខានឡើយ។

សូមកុំយកអំពើសប្បុរសធម៌ធ្វើជាចំណាប់ខ្មាំង។ អំពើសប្បុរសធម៌ ពិតជានាំមកនូវភាពល្អប្រសើរ ជាជាងភាពទុក្ខសោក និងភាពវឹកវរ។ ប្រពៃណីនៃការផ្តល់ទានក្នុងឱកាសបុណ្យចូលឆ្នាំចិន គឺជាប្រពៃណីដ៏ល្អមួយ ប៉ុន្តែមេរៀនដែលឆ្លងកាត់រួចមកនេះ គប្បីក្លាយជាមេរៀនត្រូវចងចាំថា ចេតនាល្អតែមួយមិនអាចគ្រប់គ្រាន់ឡើយ។ សប្បុរសធម៌ ត្រូវតែអមដោយការទទួលខុសត្រូវថែមទៀត។ ចូរយើងប្រុងប្រយ័ត្ន និងកុំឱ្យមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ប្រើប្រាស់សោកនាដកម្មនៃជីវិតរបស់ពលរដ្ឋខ្មែរ ជារឿងនយោបាយឱ្យសោះ៕