Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបង្កើតលេខាធិការការដ្ឋាន ជួយការងារគ្រប់គ្រងបព្វជិត​ក្នុងព្រះពុទ្ធសាសនា និងមន្ត្រីសង្ឃ

25-01-2025 15:22

(ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយសរសេរជាអក្សរកាត់ថា ល.ស.ន.ក.ជ។

ក្នុងសេចក្តីសម្រេចនោះ បានបញ្ជាក់ថា លេខាធិការដ្ឋាននេះ ចំណុះឱ្យគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងមានតួនាទីធ្វើជាសេនាធិការឱ្យគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាលើការងារគ្រប់គ្រងបព្វជិតក្នុងព្រះពុទ្ធសាសនា និងមន្ត្រីសង្ឃស្របតាមច្បាប់កំណត់ និងសម្របសម្រួលកិច្ចការងារទូទៅរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

លេខាធិការដ្ឋាននេះ ដឹកនាំដោយប្រធាន១រូប អនុប្រធាន និងសមាជិកមួយចំនួនទៀត និងមានប្រធានផ្នែក១រូប អនុប្រធានផ្នែក សមាជិកផ្នែក និងមន្ត្រីសង្ឃក្រោមឱវាទមួយចំនួនចំណុះឱ្យលេខាធិការដ្ឋានជាជំនួយការតាមការចាំបាច់។

ប្រធាន អនុប្រធាន សមាជិក ប្រធានផ្នែក អនុប្រធានផ្នែក សមាជិកផ្នែក និងមន្ត្រីសង្ឃក្រោមឱវាទនៃលេខាធិការដ្ឋានតែងតាំងដោយប្រកាសនីយបត្ររបស់សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

ទន្ទឹមនឹងការបង្កើតលេខាធិការដ្ឋានហើយនោះ គណៈសង្ឃនាយកនៃព្រះរាជាណា​ចក្រកម្ពុជា ក៏បានចេញសេចក្តីសម្រេចតែងតាំងមន្ត្រីសង្ឃលេខាធិការដ្ឋាននេះផងដែរ។

យោងតាមសេចក្តីសម្រេច មន្ត្រីសង្ឃលេខាធិការដ្ឋានមានសមាសភាពដូចខាងក្រោម៖

១) សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធាន
២) សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត អនុប្រធាន
៣) ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន សមាជិក
៤) ព្រះសក្យវង្ស បណ្ឌិត ស៊ីម សារ៉ាន សមាជិក
៥) ព្រះពុទ្ធវង្ស សុខ សុភាព សមាជិក
៦) ព្រះមេត្តានុរ័ក្ខ ង៉ែត រ៉ាល់ សមាជិក
៧) ព្រះសិរីកោសល សុំ សុខា សមាជិក
៨) ព្រះសង្ឃាលង្ការមុនី បណ្ឌិត យ៉ន កុសល្យ សមាជិក
៩) ព្រះបាលិកោវិទ បណ្ឌិត ឌិត វីរៈ សមាជិក
១០) ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល សមាជិក
១១) ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព សមាជិក
១២) ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី សមាជិក
១៣) ព្រះគ្រូសង្ឃលេខានុរ័ក្ខ ព្រីង ឆាង សមាជិក៕