(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) សន្យាផ្តល់ហិរញ្ញប្បទានជិត ១២លានលានដុល្លារ ដើម្បីគាំទ្រការកែទម្រង់អភិបាលកិច្ច និងកសាងសមត្ថភាពនៅសាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុប សម្រាប់​ការសិក្សាស៊ីជម្រៅនៃគម្រោងដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល។

កិច្ចប្រជុំបញ្ចប់ក្រោមអធិបតីភាពលោកស្រី Shin Jungyeon នាយក​ស្តីទី​នៃការិយាល័យ KOICAកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយបានគូសបញ្ជាក់ពីសារៈ​សំខាន់​នៃគំនិតផ្តួចផ្តើមនេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងសហការរវាង KOICA និងរដ្ឋា​ភិបាលកម្ពុជា។

ការសិក្សាស៊ីជម្រៅដែលធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០​២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញរបស់ KOICA និងមន្ត្រីម​ក​ពី​ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា។ ការសិក្សា​នេះ ផ្តោតលើការកែលម្អធាតុផ្សំនៃគម្រោង និងការរៀបចំមូលដ្ឋានសម្រាប់​រៀបចំធាតុចូលទៅក្នុងកំណត់ហេតុនៃកិច្ចពិភាក្សា(RoD)រវាង KOICA និង​ក្រសួង ដែលរំពឹងថា នឹងត្រូវបានចុះហត្ថលេខានៅក្នុងត្រីមាសទី​១នៃឆ្នាំ​២០២៥នេះ។

លោក ហ៊ុន ម៉ានី បានលើកឡើងពីវិធានការសំខាន់ៗនៃកំណែទម្រង់រដ្ឋបាល​សាធារណៈរបស់កម្ពុជា រួមមាន ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការ​កសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្ត។ លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ការដាក់ឱ្យដំណើរការទាន់ពេលវេលារបស់គម្រោងKOICA ឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។

គម្រោងនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រតិបត្តិការ តាមរយៈការ​ផ្តល់សេវាពិគ្រោះយោបល់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងប្រព័ន្ធ​បណ្តុះបណ្តាល ដោយផ្តោតជាពិសេសលើការគាំទ្រដល់ការ​កសាង​សមត្ថភាព​សម្រាប់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ។ លើសពីនេះទៀត ការបង្កើតវេទិកាអប់រំតាមប្រព័ន្ធអ៊ីនធឺណែត នឹងធ្វើឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធ (online and offline) ដែលរួមចំណែកដល់គោលដៅរបស់ សាលាភូមិន្ទរដ្ឋបាល ក្នុងការបង្កើនចំនួនមន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ។

តាមរយៈការបង្កើតវេទិកាអប់រំតាមអ៊ីនធឺណិត និងការពង្រឹងការប្រើ​បច្ចេក​វិទ្យា​ព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំសម្រាប់​មន្ត្រីរាជ​ការ​គម្រោងនេះ ក៏នឹងគាំទ្រដល់វិស័យអាទិភាពរបស់រ​ដ្ឋាភិបាល​កម្ពុជា​នៃការធ្វើ​បរិវត្តកម្មឌីជីថល ឬ Digital Transformation ក្នុងការគ្រប់គ្រង​សា​ធា​រ​ណៈ។ គំនិតផ្តួចផ្តើមនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ក្នុង​ការ​ធ្វើទំនើបកម្មប្រតិបត្តិការ និងបង្កើតសេវាសាធារណៈ ដែលដំណើរការ​ដោយ​បច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។

គួរកត់សម្គាល់ថា KOICA បានធ្វើការសិក្សាលទ្ធភាពដំបូង​សម្រាប់គម្រោង​ដែលបានរៀបរាប់ខាងលើ ក្នុងខែធ្នូ ឆ្នាំ២០២៣។ ការសិក្សាលទ្ធភាពទទួល​បាន​លទ្ធផលវិជ្ជមាន ដែលនាំឱ្យ KOICA អនុម័តលើការអភិវឌ្ឍន៍​គម្រោង​ចំនួន ១១,៧លានដុល្លារ សម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥​ ដល់​ឆ្នាំ២០២៩។ នេះជាការបន្ថែមចំនួន ១,៧លានដុល្លារ និងជាការពន្យារ​រយៈ​ពេល​ពីរឆ្នាំ បើធៀបនឹងសំណើដើមនៃគម្រោង១០លានដុល្លារ ក្នុងរយៈ​ពេល​បីឆ្នាំ៕