(កោះកុង)៖ ក្រោមការណែនាំពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំកុងត្រូល នៅទូទាំងប្រទេស ថ្ងែទី២០ ខែតុលា ឆ្នាំ២០១៦ លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តី ក្រោមឱវាទ សហការជាមួយ លោក ហាក់ ឡេង អភិបាលស្រុក មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានធ្វើបន្ដសកម្មភាព ត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ កន្លែងលក់បន្លែផ្លែឈើនៅមាត់ច្រកទ្វារអន្តរជាតិចាំយាម និងផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ជា នី អនុប្រធានសាខាកាំកុងត្រូល បានលើកឡើងថា ការចុះផ្សព្វផ្សាយ និងធ្វើការពិនិត្យទំនិញ ក្នុងពេលនេះ គោលបំណង ដើម្បីកំណត់រកសូចនាករ នៃគ្រោះថ្នាក់ ដែលមាននៅក្នុងគ្រឿងឧបភោគ បរិភោគ ដែលមានលក្ខណៈមិនប្រក្រតី បង្កផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ដែលដាក់តាំងលក់នៅលើទីផ្សារជាអាទិ គឺទំនិញហួសកាលបិរច្ឆេទ ទំនិញដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មានចំលង មេរោគប្រែប្រួលខូចគុណភាព និងទំនិញដែលមានលួចដាក់ បន្ថែមនូវសារធាតុគីមីហាមឃាត់ ជាពិសេស ផ្តោតសំខាន់ទៅលើ ការចរាច នូវបន្លែស្រស់ៗ ទាំងបន្លែនាំចូល បន្លែដាំដុះក្នុងស្រុក។
លោក ជា នី បានបន្តថា ក្នុងការធ្វើការពិនិត្យ និងផ្សព្វផ្សាយ របស់សាខាកាំកុងត្រូលលោក បានធ្វើការណែនាំអំពីលក្ខណៈអនាម័យ នៃការដាក់លក់សាច់មាន់ សាច់ទា សាច់គោ សាច់ជ្រូក រួមទាំងផលិតផលម្ហូបអាហារមួយចំនួនទៀត ដែលប្រជាពលរដ្ឋនិយមទទួលទាន ឬប្រើប្រាស់ប្រចាំថ្ងៃ មន្ដ្រីជំនាញបានធ្វើការវិភាគទៅលើទំនិញ ដាក់តាំងលក់ដែលជាម្ហូបអាហារមានដូចជា មឹកស្រសបង្គាស្រស់ ដើម្បីស្វែងរកសាធាតុ Formalino និងត្រួតទៅលើបន្លែស្រស់ៗ គ្រឿងលាយស្រាប់ៗ ដើម្បីស្វែងរកសាធាតុម៉្សៅស Sodum hydrosulphite ដែលច្បាប់ហាមដាច់ខាត មិនឲ្យប្រើប្រាស់ ជាលទ្ធផល មិនមានសារធាតុហាមឃាត់នោះទេ ហើយក៏មិនមានទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទ។
លោក ជា នី បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជីវករ ត្រូវបានមន្រ្តីកាំកុងត្រូលចុះផ្សព្វផ្សាយជាញឹកញាប់ ហើយបង្រៀនពួកគាត់ ឲ្យចេះពីរបៀប មើលថ្ងៃខៃឆ្នាំផលិត របស់ក្រុមហ៊ុន ដែលនាំចូលក្នុងការពួកគាត់ទិញមកលក់បន្ត ទើបពួកគាត់ បានយល់ដឹងបានខ្ពស់៕