(បន្ទាយមានជ័យ​)៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ អាជីវករលក់ជី​ និងថ្នាំកសិកម្មជាង១០០នាក់ក្នុងខេត្តបន្ទាយមានជ័យ​ បានស្វែងយល់ថា​ ការផ្សព្វផ្សាយអវិជ្ជមាន​មិនបានជួយដល់កសិករនោះទេ​ ប៉ុន្តែអាចនាំឱ្យតម្លៃកសិផលកាន់តែធ្លាក់ចុះ​លឿនទៅវិញ​។

សូមជម្រាបថា​ ​លោករដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងលោក ប្រាក់ ដាវីត​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្ម និងមន្ត្រីកសិកម្មឃុំចំនួនជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងលទ្ធផលនៃកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងគ្រប់តួអង្គពាក់ព័ន្ធ​ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម​ និងការចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ​ រួមទាំងការបូមទឹកជួយសង្គ្រោះ​ ការជួយរកទីផ្សារ​ និងការរក្សាលំនឹងថ្លៃកសិផល​ផងដែរ។

លោក​ គង់​ ច័ន្ទវាសនា​ បានឲ្យដឹងថា​ អាជីវករជី​ និងថ្នាំកសិកម្ម​ទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង​ និងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ មុននឹងក្លាយជាអាជីវករស្របច្បាប់​។ ដូច្នេះអាជីវករ​គឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ​ មន្ទីរកសិកម្ម​ និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រេីប្រាស់​ និងលក់ចែកចាយជី​ និងថ្នាំកសិកម្ម​ដល់កសិករ​។ ការរួមចំណែករបស់បងប្អូនអាជីវករទាំងអស់ក្នុងការផ្សាយព័ត៌មានវិជ្ជមាន​ និងមាន​ប្រយោជន៍​ដល់កសិករ​ ពិតជាមានសារ:សំខាន់ណាស់​ ជាពិសេស​ ការជំរុញចូលរួមក្នុងសហគមន៍កសិកម្មទំនេីប​ ដេីម្បីជួយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត​ ផ្សារភ្ជាប់នឹងទីផ្សារ​ និងទទួល​បានប្រាក់ចំណេញ។

តាមការសង្កេតកន្លងមក ការផ្សាយពីតម្លៃកសិផលធ្លាក់ចុះ​ ឬការតវ៉ាទាមទារនានា​ គឺមិនបានជួយឱ្យតម្លៃកេីនឡេីង​ទេ ប៉ុន្តែជាក់ស្តែងបែរជាជួយរុញឱ្យតម្លៃកាន់តែធ្លាក់ចុះលឿនទៅវិញ ព្រោះថាអ្នកប្រមូលទិញដឹងពីនិន្នាការនៃតម្លៃ​ និងរង់ចាំឱ្យតម្លៃកាន់តែធ្លាក់ចុះថែម​ទៀត​មុននឹងចុះទិញ​ ដែលនាំឱ្យខាតបង់ផល​ប្រយោជន៍កសិករ។

ជាមួយគ្នានេះ​ លោករដ្ឋលេខាធិការបានណែនាំ​ និងលើកទឹកចិត្តឱ្យម្ចាស់ដេប៉ូទាំងអស់ ទុកដាក់ជី​ និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ​ ដេីម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព​ និងបរិស្ថាន​ និងលក់ចែកចាយតែផលិតផលស្របច្បាប់​ និងមាន​បញ្ជិកាត្រឹមត្រូវ។ ឯកឧត្តមក៏បានស្នេីសុំឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការល្អ​ ក្នុងការទប់ស្កាត់ចរាចរណ៍ជី​ និងថ្នាំខុសច្បាប់ផងដែរ។

ម្ចាស់ដេប៉ូជី​ និងថ្នាំកសិកម្មទាំងអស់រីករាយនឹងទទួលបានព័ត៌មាន​ និងចំណេះដឹងថ្មីៗ​ល្អៗ​ពីកិច្ចសំណេះសំណាលនេះ​ និងប្តេជ្ញាចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ក្នុងការបន្តផ្សព្វផ្សាយ និងចែកចាយតែព័ត៌មានល្អៗដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ៕